ក្រោយពីជួបស្នេហាមិនសមប្រកបនោះ, គេសង្កេតឃើញថា លោក ជា ចាន់តុលា បានចាប់ផ្ដើមជីវិតថ្មីរបស់ខ្លួនយ៉ាងល្អប្រសើរ ហើយបានរៀនច្រើនពីបទពិសោធន៍បរាជ័យកន្លងមក ធ្វើឲ្យលោកក្លាយជាមនុស្សរឹងមាំថែមមួយកម្រិតទៀត។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ជា ចាន់តុលា បានសរសេរសារយ៉ាងវែងអន្លាយ ដោយរៀបរាប់ថា «សូមអ្នករាប់អាន និងគាំទ្រចំណាយពេលអាន ពីបទពិសោធន៍របស់ខ្ញុំកន្លងមក! មនុស្សម្នាក់ៗគឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែទង្វើដែលយើងធ្វើគ្រប់យ៉ាងគឺគប្បីដើរឲ្យសមស្របទៅនឹងមនសិការរបស់ខ្លួន និងមិនប៉ះពាល់ដល់អ្នកដទៃ។ ចំពោះខ្ញុំក្នុងមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរៀនច្រើន ជាពិសេសលើចំណុចគោលការណ៍ជាមនុស្ស និងពេលវេលា។
១. មនុស្សម្នាក់ៗ ត្រូវតែមានគោលការណ៍ធ្វើជាមនុស្ស ដែលយើងអាចហៅថាគុណតម្លៃស្នូល (core values)។ ហេតុអ្វីយើងត្រូវមាន? ឧទាហរណ៍ ប្រសិនបើយើងប្រកាន់ខ្ជាប់នូវគោលការណ៍ ឬគុណតម្លៃជា “មនុស្សមានគុណធម៌” នោះមានន័យថាយើងមិនធ្វើរាល់ទង្វើថោកទាបណាដែលប៉ះទង្គិច ឬបំពានលើគុណធម៌យើងនោះទេ ទោះបីស្ថិតក្នុងស្ថានការណ៍ ឬទឹកប្រាក់ និងភាពលោភលន់ពង្វក់ក៏ដោយ ព្រោះវាមិនមែនជាយើង។
២. ពេលវេលាពិតជាលឿន ដូច្នេះត្រូវតែថែរក្សា ឲ្យតម្លៃនូវអ្វី ដែលយើងមាន និងប្រើប្រាស់វាដោយសុភវិនិច្ឆ័យ និងការត្រិះរិះពិចារណា។
ជារួម រាល់ទង្វើរបស់យើងត្រូវដើរទន្ទឹមនឹងគោលការណ៍ជាមនុស្សរបស់យើងផងដែរ នោះយើងប្រាកដថា ត្រឹមត្រូវ និង គប្បីនូវមនសិការរបស់យើង។ ដូច្នេះ ចូរកំណត់គោលការណ៍ជាមនុស្សរបស់អ្នកឲ្យបានច្បាស់ នោះអ្នកនឹងមិនវង្វេងខ្លួនឯង និងមិនបារម្ភពីអ្នកណាគិតអ្វី ឬនិយាយអ្វីមកលើអ្នក ព្រោះអ្នកច្បាស់ខ្លួនឯងថាជាមនុស្សបែបណា ឬរវល់តែរកវិធីសាស្ត្របែបណាមកលាងខ្លួនឯងឲ្យល្អ»។
តាមរយៈសារដ៏ចាក់ដោតពាក់ព័ន្ធនឹងបទពិសោធន៍ផ្ទាល់ខ្លួនខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រលោកជា ចាន់តុលា ជាច្រើន ចាប់អារម្មណ៍ខ្លាំងណាស់ ហើយលើកឡើងស្រដៀងៗគ្នាថា «ចំកណ្តាលមុខពីនាក់នោះ, និយាយបានល្អណាស់បង,
គេធ្វើអីធ្វើទៅចប់គ្នាហើយ។ តែគេថើបគ្នាផុសគេក្លាហាន គេចេញមុខក្រោយចប់រឿងគេក្លាហាន គេញញឹមគេអត់បាក់ទឹកចិត្តឬខ្វល់ពីរឿងរ៉ាវទាំងឡាយគេក្លាហាន។ សមគ្នាណាស់ នេះបានគេហៅជោគជ័យលើសគេ។ មិនមានច្រើនទេដែលធ្វើបានចឹង។ សរសើរគេទៅ នេះបានហៅថាមនុស្សសេរីលំដាប់អឺរ៉ុប ស្តាយ៍ក៏អឺរ៉ុបដែរ។ បើស្ងាត់ៗចេញមករៀបការហ្មងហ្នុងមិនថាទេ។ ស្ងាត់ហើយចេញមកគឺថាថើប។ ឆ្ងាញ់ផ្អែមរ៉ូយ៉ាល់,
មានអត្ថន័យល្អប្អូនប្រុស សំណេររបស់គាត់មិននិយាយចំពោះបុគ្គលទេ តែវាជាមនុស្សគ្រប់គ្នាគួរមានស្មារតីក្នុងការប្រព្រឹត្តធ្វើនូវទង្វើរបស់ខ្លួន ( កុំធ្វើហេតុអាក្រក់ទៅលើនរណាម្នាក់ព្រោះតែហេតុតែសេចក្តីសុខផ្ទាល់ខ្លួនរបស់យើង ) ជូនពរប្អូនរស់នៅជាសុខទាំងបច្ចុប្បន្ននាកាលអនាគតណា ..»។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២១ ករណីលោក ជា ចាន់តុលា ទម្លាយរឿងជនទី៣ ឆក់យកស្នេហារយៈពេលជិត៥ឆ្នាំរបស់ខ្លួន ធ្វើឲ្យល្បីកក្រើកខ្លាំងណាស់ក្នុងបណ្ដាញសង្គម ដោយភាគច្រើនសុទ្ធតែសម្ដែងការអាណិតចំពោះបុរសកម្សត់ស្នេហ៍រូបនេះ។
ក្រោយមក គេក៏ដឹងថា ជនទី៣ ដែលលោកតុលា បានទម្លាយនោះ ជាលោកគ្រូជោគជ័យ ប៊ុន ផាក ធ្វើឲ្យរឿងរ៉ាវពេលនោះ កាន់តែចម្រូងចម្រាសកាន់តែខ្លាំង។ ទោះយ៉ាងណា ក្រោយមករឿងនេះ ក៏ដោះស្រាយបញ្ចប់គ្នា រវាងលោក ជា ចាន់តុលា និងម្ចាស់ហាងV Shop។
បន្ទាប់ពីរឿងនេះ បានដោះស្រាយបញ្ចប់នោះ, ស្នេហារវាងលោក ប៊ុន ផាក និងម្ចាស់ហាងV Shop កាន់តែល្អប្រសើរ ហើយថ្មីៗនេះ លោក ប៊ុន ផាក ទើបតែបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងនោះមានរូបថតថើបជាមួយគូស្នេហ៍របស់ខ្លួន ជាម្ចាស់ហាងV Shopទៀតផង ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង។
ដោយឡែក ចំពោះសាររបស់លោក ជា ចាន់តុលា បង្ហោះក្នុងន័យទូទៅ មិនបានបញ្ជាក់ថាសំដៅលើបុគ្គលរូបណានោះឡើយ តែត្រូវបានអ្នកគាំទ្រមួយចំនួនយល់ឃើញថា មានអត្ថន័យចាក់ដោត ចំពោះអតីតគូស្នេហ៍របស់លោក ជាមួយនឹងសង្សារថ្មីរបស់គេនោះ៕