កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីម្ដាយរបស់តារាសម្ដែង អេមី ដែលមានវ័យប្រមាណ៥៥ឆ្នាំ បានចូលរោងការជាមួយនឹងកូនកំលោះ មានវ័យត្រឹម៣៦ឆ្នាំនោះ។
ពិធីមង្គលការនេះ ធ្វើឡើង កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយកូនកំលោះ ឈ្មោះ ញឹក រដ្ឋា អាយុ ៣៦ ឆ្នាំមុខរបរលក់ខ្សាច់នៅខេត្ត។ ចំណែកកូនស្រី ជាម្ដាយរបស់តារាសម្ដែង អេមី មានឈ្មោះ ឡុង សោភ័ណ្ឌ អាយុ ៥៥ ឆ្នាំ ជាស្ត្រីមេម៉ាយច្រើនឆ្នាំ មានកូន ២ នាក់ ប្រុស ១ ស្រី១។
អ្នកស្រី សោភ័ណ្ឌ បានបញ្ជាក់ថា មុនរៀបការ អ្នកស្រីបានសួរម្តងហើយ ម្តងទៀតថា អ្នកស្រីមិនក្មេងទេ មានកូនកំលោះក្រមុំអស់ហើយ មកដណ្តឹងយកធ្វើប្រពន្ធ ក៏មិនមានកូនជាដំណក់ឈាម។
អ្នកស្រី បន្តថា ទោះយ៉ាងណា ស្វាមីអ្នកស្រីនៅតែទទួលអ្នកស្រីដដែល ហើយមិនស្តាប់សំដីអ្នកណា ព្រោះសំខាន់ចិត្ត២នាក់រស់នៅជាមួយគ្នា ចុះសម្រុងគ្នា គឺបានហើយ។ អ្នកស្រី បញ្ជាក់ទៀតថា ក្រោយរៀបការ អ្នកស្រីចង់បង្កើត របរលក់ដូរ នៅក្នុងផ្ទះ ដើម្បីទប់ជីវភាពរស់នៅព្រោះ មិនអាចធ្វើការធ្ងន់ ក្រៅពីលក់ដូរនេះទេ។
ជាមួយគ្នានេះ តារាសម្តែង អេមី ក៏បានបញ្ជាក់ដែរថា ម្តាយនាងមេម៉ាយច្រើនឆ្នាំមកហើយ ។ ការស្គាល់គ្នារាប់អាន ស្វាមីវ័យក្មេងរូបនេះ ប្រមាណ៥ឆ្នាំទៅហើយ។ ដំបូងមិនចង់ឲ្យគាត់យកប្តីទៀតទេ ព្រោះអាយុច្រើន។ ប៉ុន្តែខាងប្រុសគេស្រឡាញ់ ព្រួយបារម្ភពេក មិនចោលគ្នា ក៏សម្រេចចិត្តផ្សំផ្គុំតែម្តង។
អេមី បានបញ្ជាក់ទៀតថា នេះជាការបំពេញបំណង ជូនអ្នកមានគុណ ដោយចំណាយជិតខ្ទង់១ម៉ឺនដុល្លារ សម្រាប់ ការរៀបពិធីតាមប្រពៃណីនេះ។ នាងអាចមើលថែម្តាយបាន បើរៀបការហើយ គាត់នៅតែផ្ទះក៏បាន ឬចង់លក់ដូរក៏បានស្រេចតែគាត់ចង់ នាងចំណាយដើមទុនឲ្យទាំងអស់៕