តារាកំប្លែង និងសម្ដែងជើងចាស់អ្នកនាង សំប៉ូ លីដា បច្ចុប្បន្ន បើទោះជាត្រូវបានគេដឹងថា កំពុងងាកមកចាប់អាជីពសិល្បៈជាបណ្ដើរៗឡើងវិញក៏ពិតមែនក្ដី ប៉ុន្តែចំពោះរឿងរ៉ាវជីវិតពិតហាក់ពុំសូវមាននរណាដឹងឡើយថា តារាស្រីមានវ័យចំណាស់រូបនេះ កំពុងរស់អោបជំងឺជាច្រើនមុខ។
ជាក់ស្ដែងថ្មីៗនេះ សំប៉ូ លីដា ត្រូវរត់ទៅរកពេទ្យជាបន្ទាន់ បន្ទាប់ពីជំងឺរបស់អ្នកនាងបានធ្វើទុកឡើងវិញ ។ ជាមួយគ្នានៅសរៀលថ្ងៃទី០៨ ខែកុម្ភៈនេះនាងបានបញ្ជាក់ឱ្យ តារាញូស៍ ដឹងថា បច្ចុប្បន្ននាងកំពុងតែមានជំងឺប្រចាំកាយប្រមាណជា៤ទៅ៥មុខ ក្នុងនោះមានដូចជាជំងឺទឹកនោមផ្អែម បេះដូងចំហរ ក្រពះ និងលើសឈាម។
ប៉ុន្តែបើទោះជាយ៉ាងណាអ្នកនាង សំប៉ូ លីដា បានអះអាងថា ជំងឺប្រចាំកាយទាំងនេះមិនបានធ្វើទុក្ខដល់ដេកដួលធ្វើការអ្វីមិនកើតរហូតនោះឡើយ ដោយវាធ្វើទុកទៅតាមពេលវេលានៃការហូចចុកចំណី ក៏ដូចជាការធ្វើការងារច្រើនលើកកម្រិតតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកនាង សំប៉ូ លីដា ត្រូវបានគេដឹងថា កំពុងតែសម្ដែងរឿងជាមួយនឹងបងប្អូនអ្នកនាង ចោម ច័ន្ទ និងបម្រើការងារជាអ្នកចម្រៀងនៅភោជនីយដ្ឋាន។
អតីតតារាកំប្លែងរូបនេះក៏នៅតែទទួលការងារសិល្បៈមួយចំនួនដូចជា ច្រៀងខនសឺត សម្ដែង និងច្រៀងក្នុងកម្មវិធីផ្សេងៗ តែក៏ទទួលចំពោះតែការងារនៅជិតៗ និងខេត្តក្បែរៗក្រុងភ្នំពេញប៉ុណ្ណោះ៕ ប្រភព ៖ តារាញូស៍