បន្ទាប់ពីបានបាត់មុខបាត់មាត់ពីវិស័យភាពយន្ដអស់រយៈពេលជាច្រើនឆ្នាំ តារាសម្ដែងរូបស្រស់សង្ហា និងជាតួឯកកាលពីជាង២០ឆ្នាំមុនលោក យុត្ថារា ឆានី ទីបំផុតទៅថ្មីៗនេះ បានទម្លាយនូវមូលហេតុមួយចំនួន ដែលធ្វើឱ្យលោកត្រូវបង្ខំចិត្តដកខ្លួនឱ្យកាន់តែឆ្ងាយពីសិល្បៈ ។
សំណេរមួយនៅលើបណ្ដាញសង្គមអតីតតួឯកប្រុសដ៏ពេញនិយមរូបនេះ បានលើកឡើងឱ្យ តារាញូស៍ ដឹងថា ការណ៍ដែលក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាព និងរងនូវគំនាបផ្លូវចិត្តជាខ្លាំង ។ លោកថា គ្រប់ពេលវេលាមានតែការយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯង ចំណែកមនុស្សទូទៅមិនដែលយកចិត្តអ្នកសិល្បៈដូចជារូបលោកដាក់ក្នុងបេះដូងពួកគាត់ឡើយ ។
លោក យុទ្ថារា ឆានី សង្កត់ធ្ងន់ថា៖”កើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះ ហើយរងនូវគំនាបផ្លូវចិត្ត ! មនុស្សទូទៅចង់បានណាស់សេរីភាព? តែត្រូវមានព្រំដែនវាដែរ ។ គ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯង ចំណែកមនុស្សទូទៅ មិនដែលយកចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ ។ កត្តាទាំងនេះ ហើយដែលធ្វើឱ្យខ្ញុំបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពីបុគ្គលសាធារណៈ”។
លោក យុទ្ថារា ឆានី បានសុំការអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រ និងធ្លាប់បានគាំទ្រ នាពេលកន្លងមក ដែលរូបលោកបានដកខ្លួនឆ្ងាយពីរង្វង់សិល្បៈ ។
តាមយរៈសំណេរខាងលើនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងបានដឹងកាន់តែច្បាស់ថា កន្លងមកតារាប្រុសរូបស្រស់សង្ហាលោក យុត្ថារា ឆានី ទំនងជារងនូវសម្ពាធផ្លូវចិត្តមិនតិចនោះឡើយ ទើបបានជាលោកព្យាយាមដាក់ខ្លួនឯងឲ្យនៅកាន់តែឆ្ងាយពីអាពីពមួយនេះ ។ បើទោះជាយ៉ាងណាមហាជននៅតែបន្តគាំទ្រ និងព្យាយាមនិយាយលើកទឹកចិត្តដល់លោក យុត្ថារា ឆានី ។
គូររំលឹកថា លោក យុត្ថារា ឆានី ជាតារាសម្ដែងដ៏ល្បីល្បាញមួយរូបនាអំឡុងចុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ ។ លោកជាតារាប្រុសដែលមានស្នាមញញឹមមិនចេះស្ងួត និងជាតួឯកម្នាក់ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ។ បើទោះជាយ៉ាងណា ភាពល្បីល្បាញរបស់លោក យុត្ថារា ឆានី ក៏បានស្ងប់ស្ងាត់ទៅវិញបន្តិចម្ដងៗ គួបផ្សំនឹងកត្តាផ្ទាល់ខ្លួនបច្ចុប្បន្នលោកកាន់តែឆ្ងាយពីអាជីពសម្ដែង ដោយងាកមកចាប់ជំនួញ និងធ្វើជាថៅកែដីឡូតិ៍វិញម្ដង។ ដូចការចង់បាន លោកហាក់កាន់តែឆ្ងាយពីក្រសែភ្នែករបស់ទស្សនិកជន និងអ្នកសារព័ត៌មានហើយ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖