និយាយដល់ឈ្មោះលោកគ្រូ មហាជ័យ ប្រិយមិត្ត ច្បាស់ជានឹកឃើញភ្លាមថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ លោកគ្រូម្នាក់នេះ ធ្លាប់អះអាងពីការ បួងសួងហៅទឹកភ្លៀងដើម្បីផ្ដល់ភាពត្រជាក់ត្រជំដល់ការដេកពួន ខណៈមហាជន បដិសេធ ដោយលើកឡើងថា ពេលនោះ ជាភ្លៀងកក់ខែប៉ុណ្ណោះ។
នៅពេលនោះ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ទៅលើការអះអាងរបស់លោកគ្រូម្នាក់នេះម្ដងរួចមកហើយ តែអ្វី ដែលកាន់តែធ្វើឲ្យមហាជន ភ្ញាក់ផ្អើលថែមទៀតនោះ ដោយលោកគ្រូ បានរៀបរាប់ច្បាស់ៗ រឿងរ៉ាវពាក់ព័ន្ធ ទេវតា និងនាគរាជ។
ក្នុងបទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ា ឆេង ប៉េងគុណ ហៅ លោកគ្រូមហាជ័យ បានបញ្ជាក់ថា ទេវតា, ព្រាយបិសាច, អ្នកតា មានត្រឹមតែដួងវិញ្ញាណប៉ុណ្ណោះ មិនមែនមានរូបពិតៗស្រស់ៗដូចយើងទេ។ ដូច្នេះហើយ ទើបយើងមើលមិនឃើញ។
លោកគ្រូស្ថិតក្នុងវ័យជាង៣០ឆ្នាំរូបនេះ បានបន្តទៀតថា ចំពោះអ្នកមើលមិនឃើញនោះ ដោយសារនិស្ស័យមិនទាន់ដល់ ហើយការបង្ហាញរូបរបស់បារមី មានច្រើនសណ្ឋាន ទី១ តាមរយៈការយល់សប្ដឃើញច្បាស់ៗ ឃើញតួអង្គអប្សរា ឬឃើញនាគរាជ ទី២ អ្នកមាននិស្ស័យ គេឲ្យឃើញស្រស់ៗ ទី៣ មានសំឡេងមកប្រាប់ត្រចៀក។
ចំពោះនាគរាជវិញ លោកគ្រូ បានបញ្ជាក់ថា មានចំនួន៧ពណ៌ មានទាំងអស់៥០០ត្រកូល ត្រកូលទី១ពណ៌ស ទី២ ពណ៌ខៀវ ទី៣ ពណ៌ខ្មៅ ទី៤ ពណ៌បៃតង , ពណ៌មាស, ពណ៌ក្រហម និងនាគ៧ពណ៌តែម្ដង។
លោកគ្រូបន្តថា នាគមានព្រះកេស១ ព្រះកេស ៣ ព្រះកេស៥ ព្រះកេស ៧ និង៩ ដោយសម្ដែងទៅតាមឫទ្ធិអំណាចរបស់គេ។ អញ្ចឹងនាគរាជ ក៏ជាចិត្តវិញ្ញាណដែរ គឺមានតែដួងវិញ្ញាណ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖