រាជធានីភ្នំពេញ ៖ តារាពហុជំនាញ ខាត់ សុឃីម បានបង្ហើបពីបំណងមួយ ដែលកប់ក្នុងចិត្តជាយូរមកហើយ ចំពោះកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ។ លោក ព្រាប សុវត្ថិ ត្រូវបានតារាស្រីរូបនេះចាត់ទុកថា ជាបងប្រុសក្នុងអាជីពចម្រៀង ។
ថ្លែងមកកាន់ តារាញូស៍ សិល្បករពហុជំនាញ ខាត់ សុឃីម បានអះអាងថា អ្នកនាង និងលោក ព្រាប សុវត្ថិ បានបែកគ្នាជាច្រើនឆ្នាំមកហើយ មិនដែលបានច្រៀងជាមួយគ្នាដូចមុនឡើយ ។ ខាត់ សុឃីម បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំង ក្រោយបាជួបជាមួយដៃគូចាស់ លោក ព្រាប សុវត្ថិ ក្នុងកម្មវិធីទទួលគណៈប្រតិភូជាន់ខ្ពស់ដែលមកពីព្រះរាជជាណាចក្រថៃ នៅសណ្ឋាគាសសូហ្វីតែល កាលពីយប់ម៉ិញ ។
ខាត់ សុឃីម បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនបានចាំទេថា បែបគ្នា ខានច្រៀងជាមួយគាត់ប៉ុន្មានឆ្នាំនោះទេ តែដឹងថាបែបយូរហើយ។ ខ្ញុំនៅចឹញ្ចឹមចិត្ត និងមានបំណងចង់ច្រៀងជាមួយបង ព្រាប សុវត្ថិ ម្តងទៀត ព្រោះមានអ្នកគាំទ្រជាច្រើនស្នើរសុំ»។
ខាត់ សុឃីម បន្តថា៖ «ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ច្រៀងជាមួយគាត់ដែរ ព្រោះខ្ញុំច្រៀងជាមួយគាត់មានអារម្មណ៍ថា សំឡេងខ្ញុំនឹងសំឡេងគាត់ ពេលច្រៀងបទកន្ទ្រឹមគឺស៊ីគ្នា ហើយគាត់ដូចចេះអោយអារម្មណ៍ល្អៗមកយើងខ្លាំង អ៊ីចឹងទៅពេលយើងច្រៀង គឺចង្វាក់គ្នាតែម្តង» ។
ទោះបីជាយ៉ាងណា អ្នកនាង ខាត់ សុឃីម បានបន្តែបទៀតថា នេះគ្រាន់តែក្ដីសង្ឃឹមមួយប៉ុណ្ណោះ ព្រោះមិនអាចកំណត់ថា ពេលបានច្រៀងរួមគ្នាទៀតនោះទេ ព្រោះពេលនេះអ្នកទាំងពីរធ្វើការនៅក្រុមហ៊ុនផ្សេងគ្នា ។ ប៉ុន្តែមិនមែនជាតារាចម្រៀងផ្ដាច់មុខឲ្យផលិតកម្មណាមួយឡើយ ហើយអាចមានឳកាសបានច្រៀងជាមួយលោក ព្រាប សុវត្ថិ ឬអត់នោះអាស្រ័យលើទឹកចិត្តរបស់ភាគីទាំងសងខាង និងផលិតកម្មដែរ ។
ខាត់ សុឃីម បន្តថា៖ «ធម្មតាជីវិតរបស់ខ្ញុំ មិនចង់ថា ទាល់ដៃគូនេះបានច្រៀង ដៃនោះបានខ្ញុំច្រៀងមិនមែនទេ ដៃគូណាក៏ច្រៀងបានដែរ ។ គ្រាន់តែថា បើបានដៃគូចាស់ៗមកច្រៀងជាមួយវិញ ខ្ញុំក៏សប្បាយចិត្តដែរ» ។
សូមបញ្ជាក់ថា ខាត់ សុឃីម និងលោក ព្រាប សុវត្ថិ ធ្លាប់ជាដៃគូចម្រៀងដ៏សក្ដិសមកាលនៅរួមទ្រនំផលិតកម្មហង្សមាស ។ ក្នុងនោះមានបទចម្រៀងជាច្រើន ជាពិសេសចង្វាក់កន្ទ្រឹម និងចង្វាក់ប្រពៃណីផ្សេងទៀត ដែលអ្នកទាំងពីរធ្លាប់បានច្រៀងជាមួយគ្នា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានប្រិយមិត្តជាច្រើននិយមរាំលេងកម្សាន្តដូចជាបទ «តាមអើយតាម», «ប្ដីថ្លង់ ប្រពន្ធខ្វេ», «អុំមិនចាស់ទេ»… និងបទកន្ទ្រឹមជាច្រើនទៀត៕ ប្រភព ៖ តារាញូស៍