តារាសម្ដែងជើងចាស់ និងជាអ្នកដឹកនាំផលិតកម្មទូរទស្សន៍លោក ចា រិទ្ធី បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីកូនស្រីពៅបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្រៅប្រទេស។
ក្រៅពីកូនស្រីពៅ តារាសម្ដែងដែលនិយមដើរតួជាអ្នកមានលុយ និងឧកញ៉ាលោក ចា រិទ្ធ ក៏ត្រូវបានគេដឹងថា មានកូនប្រុសច្បងម្នាក់ទៀតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនំនាក់ទំនងអន្រជាតិនៅសាលា DEAKIN នៅប្រទេសអូស្ត្រាលីផងដែរ ។ ការណ៍នេះបានធ្វើឱ្យលោករំភើបរីករាយ និងមានមោទកភាពជាខ្លាំង ។
លោក ចា រិទ្ធី បានបញ្ជាក់ឱ្យ តារាញូស៍ ដឹងតាមរយៈសំណេរនៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «កូនទាំងពីរពិតជាធ្វើឱ្យប៉ាមានមោទនភាពមិនកោតសរសើរមិនបាន… កូនប្រុសច្បងគេបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យ DEAKIN នៅប្រទេសអូស្ត្រាលី ចំណែកកូនស្រីពៅរបស់ខ្ញុំវិញ គេទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅសាកលវិទ្យាល័យអាមេរិកាំង AUPP ប៉ាសូមជូនពរកូនទាំងពីរអោយជោគជ័យក្នុងជីវិត» ។
សូមរំលឹកថា លោក ចា រិទ្ធី គឺជាអតីតតារាសម្ដែងជំនាន់អ្នកនាង អម្ពរ ទេវី និងបានវិវឌ្ឍន៍ខ្លួនទៅជាអ្នកដឹកនាំ និងផលិតកម្មទូរទស្សន៍ដែលបានបណ្ដុះបណ្ដាលសិល្បៈករជំនាន់ក្រោយជាច្រើនជំនាន់ ។ ក្រៅពីអាជីពសិល្បៈ លោក ចា រិទ្ធី មានមុខជំនួញផ្សេងៗមួយចំនួនក្នុងដៃ រួមទាំងរបរបើកផ្ទះសំណាក់ផងដែរ។
ហើយឈុតឆាកដែលលោក ចា រិទ្ធ និយមដើរតួ និងដើរតួបានសក្ដិសមបំផុតនោះ គឺឈុតឆាកឬសាច់រឿងដែលជាអ្នកមានលុយ និងឧកញ៉ាជាដើម៕ ប្រភព ៖ តារាញូស៍