រាជធានីភ្នំពេញ៖ តារាសម្ដែងជើងចាស់ សាវិន ហ្វីលីព បានបង្ហាញជំហរគាំទ្រ និងអនុញ្ញាតឲ្យកូនស្រីរបស់លោកកញ្ញា យោធិន វីរីយ៉ា ប្រឡូកក្នុងវិស័យសិល្បៈកាន់តែខ្លាំងជាងមុន ក្រោយនាងទទួលបានជោគជ័យក្នុងប្រលងបាក់ឌុប ដែលបានប្រកាសលទ្ធផលកាលពីពេលថ្មីនេះ។
នាពេលកន្លងមក គេក៏កត់សម្គាល់ឃើញផងដែរថា តារាសម្ដែងវ័យ៥២ឆ្នាំរូបនេះ ព្យាយាមយិតយោងកូនស្រីដែលមាននិស្ស័យសិល្បៈដែរនោះ បានចូលរួមសម្ដែងជាច្រើនលើកច្រើនសារ។ ប៉ុន្តែដរាបលោកមើលឃើញថា ការសម្ដែងនោះមិនប៉ះពាល់ដល់ការសិក្សារបស់កូនទើបអនុញ្ញាត។
ពេលនេះយុវតី វីរិយា បានប្រលងជាប់បាក់ឌុបហើយ ដែលជាជំហានថ្មីមួយទៀតនៃដំណើរជីវិតរបស់នាង ដែលត្រូវបន្តការសិក្សាសម្រាប់អនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ។ ក្នុងនោះដែរ ក្នុងនាមជាឪពុកនៅថ្ងៃនេះលោក សាវិន ហ្វីលីព ក៏បានប្រកាសជំហរគាំទ្រ និងអនុញ្ញាតឲ្យកូនស្រីរូបនេះប្រឡូកក្នុងវិស័យសិល្បៈកាន់តែខ្លាំងជាងមុន ព្រោះដល់ហើយដែលោកចង់ឲ្យកូនស្រីបានប្រឡូកក្នុងសង្គមកាន់តែច្រើន។
លោក សាវិន ហ្វីលីព បញ្ជាក់ថា៖” ក្រោយប្រលងបាក់ឌុបជាប់ភ្លាម ខ្ញុំអនុញ្ញាតិឲ្យកូនស្រី វីរីយ៉ា របស់ខ្ញុំប្រទ្បូកក្នុងវិស័យសិល្បៈច្រើនជាងមុនតែម្ដង ខណៈពេលនេះគាត់កំពុងត្រៀមប្រលងចូលវិទ្យាស្ថានភាសារបរទេស IFL ផ្នែកភាសាថៃ”។
លោកបានបន្តថា កន្លងមកកូនស្រីរបស់លោកធ្លាប់បានជួយលោកយ៉ាងច្រើនហើយ លើកិច្ចការផលិតភាពយន្ត ផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាជំនួយការផលិតករម្នាក់។ បន្ទាប់ពីឃើញបែបនេះហើយ ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្ផស្សកូនស្រីវ័យ១៨ឆ្នាំរបស់លោក និងមានការពោលសរសើរថា បានដើរតាមគន្លងសិល្បៈដូចជាឪពុកផងដែរ។
សូមបញ្ជាក់ថា ប្ដីប្រពន្ធតារាសម្ដែងជើងចាស់ សាវិន ហ្វីលីព ត្រូវបានមើលឃើញថា ជាគម្រូល្អមួយនៅក្នុងសង្គមដែលពួកគេតែងតែមានការចែករំលែកទ្រព្យធន់ អាហារហូបចុក ដល់អ្នកមានជីវភាពខ្វះខាត។ ទង្វើរល្អនេះក៏ត្រូវបានកូនៗយកធ្វើជាគំរូផងដែរ។ ជាក់ស្ដែងថ្មីៗនេះ កូនប្រុសច្បងរបស់លោក គឺ យោធិន វីរ៉ាយុទ្ធ បានផ្ដួចផ្ដើមដឹកនាំមិត្តភក្ដិរួមថ្នាក់មហាវិទ្យាល័យរៃអង្គាស និងចែកអំណោយជាថវិកា និងចំណីអាហារដល់អ្នកធាក់ស៊ីក្លូវ័យចំណាស់ជិត២០០នាក់គួរឲ្យសរសើរទៀតផង៕
ប្រភពពីតារាញូស៍