រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត បើទោះបីជាពេលនេះ លោកហាក់មានវ័យកាន់ជ្រេ និងមានចេញបទចម្រៀងថ្មីៗ ឬឡើងឆាកទូរទស្សន៍ញឹកញយដូចពីមុនក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះដ៏ក្រអូបសាយរបស់លោក នៅតែអន្ទងចិត្តបងប្អូនទស្សនិកជន ជាពិសេសគឺទឹកដមក្រអួនក្រអៅរបស់លោកតែម្ដង។
ដោយឡែក កាលពីពេលកន្លងមក ម្ចាស់បទ «កោះឧកញ៉ាតី» លោក ណូយ វ៉ាន់ណេត បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានថតរួមគ្នាជាមួយនឹងភរិយា ជាពិសេសនោះគឺកូនស្រីតូចធំជាច្រើននាក់ ដែលលោកមិនដែលសូវបង្ហាញមុខពីមុនមកឡើយ ។ ហើយអ្វីដែលពិសេសជាងនេះ និងធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺពាក្យពេចន៍រំលេចអបរំទូន្មានកូនៗដែលភ្ជាប់មកជាមួយ។
ដោយតារាចម្រៀងជើងចាស់ ដែលជាដៃគូដ៏សក្ដិសមរបស់លោកស្រី ហ៊ឹម ស៊ីវន រូបនេះ បានរៀបរាប់បែបទូន្មានយ៉ាងដូច្នេះថា «ឪពុកម្តាយស្រឡាញ់កូនពេញក្នុងបេះដូងមិនថាកូននោះរូបរៀងមិនស្អាត អាក្រក់ ស ឫខ្មៅ ទោះបីកូននោះមានកំហុសប៉ុណ្ណាក៏នៅតែជាកូនដដែល ការជេរស្តីរបស់ឪពុកម្តាយគឺចង់ឱ្យកូនបានល្អ ឱ្យកូនៗចេះស្រទ្បាញ់គ្នាចេះសណ្តោសឱ្យគ្នា នេះជាកម្ម» ។
ទន្ទឹមនឹងពាក្យទូន្មានប្រៀនប្រដៅនោះ មានការស្ងើចសរសើរជាច្រើនពីសំណាក់មហាជនអ្នកប្រើប្រាក់បណ្ដាញសង្គម និងយល់ស្របចំពោះការលើកឡើងបែបនេះរបស់តារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត ផងដែរ៕