ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក ជាវិស បេន យ៉ូសែប និងក្រុមគ្រួសារ បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។
នៅពេលនេះ គ្រួសាររបស់លោក ដែលមានសមាជិក៤នាក់ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារតែម្ដង។ អ្នកទាំង ៤នោះ រួមមាន ប្តីប្រពន្ធលោក ដាវិស បេន យ៉ូសែប និងកូនស្រី ២នាក់របស់លោក។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ មករា ឆ្នាំ២០២២។
ប្រភពដដែល បានឱ្យដឹងថា ការសម្រេចផ្តល់សញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ដែលមានសមាជិក ៤នាក់នេះ គឺធ្វើឡើងតាមសេចក្តីក្រាបបង្គំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក បេន ជនជាតិអាមេរិក និងភរិយា ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ។
សូមជម្រាបជូនថា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២,០៩៧ហិកតា។ ក្នុងនោះ លោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ៕