គេនៅចាំបានថា ម្ចាស់បទ«កុលាបពុលដី» លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ទោះយ៉ាងណា ទម្រាំតែបានរៀបការជាមួយគ្នានេះ លោកកែវ វាសនា និងភរិយា បានឆ្លងកាត់ឧបសគ្គជាច្រើន ពិសេសការតាមបំបែកបំបាក់ស្នេហាពីសំណាក់ឪពុកខាងស្រី។ ចុងក្រោយពួកគេ នៅតែជម្នះវាបាន ហើយទទួលការស្រឡាញ់ទ្វេដង ធ្វើឲ្យគ្រួសាររស់នៅយ៉ាងមានសុភមង្គល។
បច្ចុប្បន្ន លោកកែវ វាសនា បានរួមរស់ជាមួយភរិយា មានកូនក្នុងបន្ទុកចំនួន២នាក់ ជាមួយនឹងប្រភពចំណូលច្រើនផ្នែក ធ្វើឲ្យគ្រួសារពួកគេ កាន់តែមានសុភមង្គលថែមទៀត។ ចំពោះសម្រស់វិញ ភរិយារបស់លោកកែវ វាសនា នៅតែស្អាត ក្មេងជាងវ័យ ខណៈរូបលោក សាច់ក៏នៅតែចាំ មើលទៅនៅក្មេង ដដែល ទោះពេលនេះ ឈានដល់វ័យជិត៤០ឆ្នាំហើយក៏ដោយនោះ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លោកបានបង្ហោះរូបថតជាមួយអ្នកម្ដាយ ហើយពោលពាក្យថា «សើចស្រស់ណាស់ម៉ាក់ខ្ញុំ ធ្មេចបើកៗម៉ាក់បានផ្តល់កំណើតអោយខ្ញុំ៣៨ឆ្នាំហើយពេលវេលាពិតជាលឿនមែន សូមអោយស្នាមញញឹកម៉ាក់បែបនេះមានរហូតពេញមួយជីវិត»។
តាមរយៈនេះ លោកស្រី លីម សុគន្ធធារី បានលាន់មាត់សរសើរម្ដាយក្មេករបស់ខ្លួនថា «ម៉ាក់ក្មេកដ៏ល្អ ហើយស្លូតទៀត»។ ចំពោះអ្នកគាំទ្រ ក៏បានចាប់អារម្មណ៍ ហើយបញ្ចេញយោបល់ថា «តារាធ្វើបែបសាមញ្ញតែមានន័យ សុំសរសើរ អាយដល,
បងអាយុ៣៨តែមើលទៅដូច ២៦ ២៧, ជិត៤០ហើយ ហេតុអ្វីបងនៅក្មេងជាងខ្ញុំ, សំណាងបងណាស់បានម៉ាក់ក្មេកស្លូត, ធ្វើបុណ្យដល់ហើយបងបានម៉ាក់ក្មេកស្លូត, បងស្នាកាត់តាមម៉ាក់ចឹងបានស្អាត, ល្អណាស់ប្អូនប្រុស ស្នាមញញីមរបស់ម៉ែជាក្ដីសង្ឃឹមរបស់កូនគ្រប់គ្នា, បងស្នា៣៨មុខក្មេងជាងខ្ញុំ២៨ឆ្ងាយណាស់»៕