ពិតជារីករាយណាស់ពេលនេះជីវិតប្តីប្រពន្ធរបស់លោក ស៊ុក សុភា ហាក់មានភាពស្រស់ស្រាយវិញ ហើយលោកក៏បានត្រឡប់ទៅប្រទេសអូស្ត្រាលីជួបជុំជាមួយភរិយា និងកូនៗវិញផងដែរ ។
គ្រាន់តែលោក ស៊ុក សុភា ទៅដល់ប្រទេសអូស្ត្រាលីភ្លាម អ្នកនាង សារីណា ជាភរិយាបានបង្ហាញនូវរួបភាពរួមគ្នាយ៉ាងផ្អែមល្ហែម ដោយក្នុងនោះលោក ស៊ុក សុភា ជាស្វាមី បានផ្លាស់ប្តូរការតែងខ្លួនមកជាសុភាពបុរសយ៉ាងសង្ហាទៀតផង ។
ជាមួយភាសាលេងសើច តែបង្កប់ន័យបែបចាក់ដោត ភរិយាលោក ស៊ុក សុភា និយាយថា៖ «នាំពូភាមក Yum Cha បើមិនកោរពុកមាត់ មិនលាងត្រចកចេញ គឺមិនមើលមុខ និងមិនឲ្យចូលផ្ទះវិញជាដាច់ខាត ព្រោះស្អប់មុខលើកមុន ។ មានអីទៅកោរឡើងលឿន ហ៊ានខ្លាំងគឺអត់តែអញ្ចឹង ទៅហើយមកវិញ បញ្ជាក់ថាប្រពន្ធគ្មានកំហុស តែក៏មិនឲ្យសាងកំហុសដដែលបានទៀតដែរ ទាន់?» ។
តាមរយៈសំណេរខាងលើ និងដំណឹងនៃការជានារបស់អតីតប្តីប្រន្ធអ្នកសិល្បៈមួយគូនេះ ក៏ទទួលបានការចូលរួមត្រេកអរចាច្រើនពីសំណាក់អ្នកគាំទ្រ ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លងទៅប្ដីប្រពន្ធលោក ស៊ុក សុភា បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីអ្នកនាង សារីណា ជាភរិយាបានប្រកាសលែងលះគ្នា ។ ចានក្នុងរាវលែងអីនឹងទន្គិច ប្ដីប្រពន្ធរស់នៅក្រោមដំបូលតែមួយតែងមានការធ្វេសប្រហែសសាងកំហុសឆ្គង និងឈ្លោះប្រកែកគ្នា ពេលនេះប្ដីប្រពន្ធលោក ស៊ុក សុភា ក៏បានជានាគ្នាវិញហើយ ។
បើទោះជាយ៉ាងណា ការត្រូវរ៉ូវបានជួបជុំប្រពន្ធកូនវិញនោះ ស៊ុក សុភា ក៏ត្រូវបានភរិយាដាក់បំរាមហាមមានកំហុសជាថ្មីផងដែរ ៕