ថ្មីៗនេះកម្មវិធី «២គ្រួសារ» របស់ស្ថានីយ៍ទូរទស្សន៍ CTN បានបង្ហាញមុខតួស្រីថ្មីម្នាក់គឺកញ្ញា ពី យ៉ាពីន ដែលនឹងត្រូវឡើងមកជំនួសដំណែងរបស់ស្រី ខ្ញុង ក្នុងកម្មវិធីនេះ ខណៈដែលនាងត្រូវបានផ្អាកជាបណ្ដោះអាសន្នជាច្រើនខែក្រោយជួបរឿងអាស្រូវបំណុល ។
ការណ៍នេះបានឱ្យធ្វើមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកដែលនិយមគាំទ្រទេពកោសល្យរបស់ស្រី ខ្ញុង សម្ដែងការមិនសប្បាយចិត្ត និងលើកឡើងថា កម្មវិធីមួយនេះបានបញ្ឈប់ស្រី ខ្ញុង ហើយក៏បានប្រើពាក្យមិនសមរ្យមួយចំនួនទៅកាន់អ្នកដឹកនាំកម្មវិធី «២គ្រួសារ» និងស្ថានីយ៍ទូរទស្សន៍ CTN ផងដែរ ។
បើទោះជាយ៉ាងណា ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ អ្នកនាង ស្រេង សុកាន់ដា ហៅស្រី ខ្ញុង កាលពីម្សិលមិញនេះក៏បានចេញមុខស្រាយបញ្ជាក់យ៉ាងច្បាស់ៗពីមូលហេតុ និងដើមចមដែលកម្មវិធី «២គ្រួសារ» ត្រូវជ្រើសរើសតួថ្មីមកជំនួសតំណែងនាង ហើយក៏មិនមែនCNTបញ្ឈប់នាងឡើយ ។ ដោយស្រី ខ្ញុង បាននិយាយថា គឺនាងជាអ្នកសម្រេចចិត្តដើរចេញដោយខ្លួនឯង ។
តាមរយៈវីដេអូឡាយ តារាកំប្លែងស្រីពោរពេញដោយទេពកោសល្យរូបនេះបានបញ្ជាក់ថា គ្មាននរណាដកនាងចេញពីកម្មវិធី២គ្រួសារនោះទេ។ ប៉ុន្តែគឺនាងសម្រេចចិត្តឈប់ដោយខ្លួនឯង ។ នាងថា កន្លងមកលោក សុវណ្ណ រឹទ្ធី ហៅលោកតា វ៉ិចទ័រ ក៏បានឆាតហៅនាងឱ្យទៅសម្ដែងវិញដែរ តែនាងមិនបានទៅ ។
ហើយតារាស្រីដែលសម្បូរវោហាស័ព្ទរូបនេះបានអះអាងទៀតថា មូលហេតុតែម្យ៉ាងដែលនាងមិនត្រឡប់ទៅសម្ដែងនៅកម្មវិធី២គ្រួសារវិញ គឺព្រោះតែនាងគិតថា ខ្លួននាងមិនមានក្រេឌីតល្អដូចពីមុន ។
អ្នកនាង ខ្ញុង បាននិយាយថា៖ «កម្មវិធីពីរគ្រួសារគ្មាននរណាដកខ្ញុំទេ។ តែខ្ញុំឈប់ដោយខ្លួនឯង ខ្ញុំឈប់សម្ដែងដោយខ្លួនឯង ខ្ញុំមិនទៅដោយខ្លួនឯង ។ បើនិយាយឱ្យឃើញទៅ លោកតា វ៉ិចទ័រ គាត់បានឆាតឱ្យខ្ញុំទៅលេងដែរតែខ្ញុំអត់បានទៅទេ ។ ហើយមូលហេតុដែលខ្ញុំអត់បានទៅ ដូចបងប្អូនដឹងស្រាប់ហើយ ខ្ញុំមានបញ្ហាជាប់គាំងជាមួយនឹងបំណុល អ៊ីចឹងខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមានក្រេឌីតល្អដូចពីមុនទេ» ។
ក្រៅពីនេះអ្នកនាង ខ្ញុង បានបន្តទាំងទឹកមុខញញឹមទៀតថា សម្រាប់អ្នកដែលឱ្យតម្លៃទៅលើរូបនាង នៅតែហៅនាងទៅកាត់សក់ ឬសម្ដែងកម្មវិធីផ្សេងៗ។ ប៉ុន្តែសម្រាប់កម្មវិធី ពីរគ្រួសារ នាងទុកឱ្យអ្នកក្រោយលេងចុះ ឬមួយដាក់អ្នកណាក៏ដាក់ចុះអត់បញ្ហាទេ។ ប៉ុន្តែសម្រាប់នាង គឺនាងចាកចេញដោយខ្លួន និងមិនចង់ឱ្យបងប្អូនយល់ច្រឡំទៅលើ CTN ឬលោកតាវ៉ិចទ័រ ថាដកនាងចេញ ។
សូមបញ្ជាក់ថា បន្ទាប់ពីផ្ទុះរឿងបំណុលជុំទិស តារាកំប្លែងសម្បូរវោហារ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ត្រូវបានអង្គភាពសាមី គឺក្រុមហ៊ុន CBS សម្រេចព្យូរការងារជាបណ្ដោះអាសន្ន ដោយរង់ចាំការសម្រេចវាសនាផ្លូវការនៅខែធ្នូឆ្នាំ២០២១។ អ្នកនាង ខ្ញុង ត្រូវបានកត់សម្គាល់ឃើញថា បានរក្សាភាពស្ងៀមស្ងាត់រហូតមក តាំងពីផ្ទុះរឿងរ៉ាវ និងដល់ពេលនៃការផ្លាស់ប្ដូររូបនាង ដោយខិតខំលក់ផ្អកប្រហុក និងអាជីពភ្លេងខ្មែរជាមួយស្វាមីប្រកបដោយភក្ដីភាពគឺ នាយ កៃដរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖