រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញកាលពីជាង២ទសវត្សរ៍មុន លោក មូន ម៉ារ៉ា បើទោះបីជាមិនសូវបានបង្ហាញមុខនៅតាមរយៈកម្មវិធី ឬឆាកតន្ត្រីនានាទៀតក្ដី ប៉ុន្តែលោក ត្រូវបានគេសង្កេតឃើញជាញឹកញយនៅលើបណ្ដាញសង្គមផងដែរ។
ជាពិសេសនោះ គឺការបង្ហាញភាពផ្អែមល្ហែមជាមួយក្រុមគ្រួសារ និងភរិយាវ័យក្មេងដ៏ស្រស់ស្អាតរបស់លោកតែម្ដង។ ប្រការនេះហើយបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន លាន់មាត់ស្ទើរតែគ្រប់គ្នា ថាតារាចម្រៀងជើងចាស់រូបនេះ ពិតជាមានភព្វសំណាងខ្ពស់បានភរិយាស្រស់ស្អាត ហើយក្មេងនោះ។
បើនិយាយពីអាយុខុសគ្នាជាងពីរទប់ ពោលគឺខុសគ្នាជាង២០ឆ្នាំ ប៉ុន្តែចំណងស្នេហ៍របស់លោកពោរពេញដោយភាពផ្អែមល្ហែម និងសុភមង្គល ហើយដោយសារតែភព្វសំណាងដែលបុរសៗជាច្រើនមិនធ្លាប់ស្គាល់រសជាតិនេះ ក៏មានមតិជាច្រើនបានលើកឡើង និងសាទរជាហូរហែ ព្រមជាមួយនឹងពាក្យពេចន៍ស៊កសៀតបែបលួចច្រណែន Idol ផងដែរ។
គួរបញ្ជាក់ថា លោក មូន ម៉ារ៉ា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលមានភាពល្បីល្បាញកាលពីកំឡុងឆ្នាំ២០០០ ហើយបទចម្រៀងស្នាដៃរបស់លោកដែលទទួលបានការគាំទ្រខ្លាំងនោះ រួមមានដូចជា៖ បទ «កាដូឥតន័យ» បទ «បងជាបន្លាក្នុងទ្រូងអូន» បទ «បេះដូងបងនឹកអូនរហូត» និង បទ «មិនហ៊ានប្រាប់ត្រង់ជាដើម»៕ ប្រភព ៖ តារាញូស៍