ទីបំផុត កម្មវិធីសំណើច “២គ្រួសារ” របស់ស្ថានីយទូរទស្សន៍ CTN បានបង្ហាញមុខ តួថ្មី ដែលត្រូវជំនួសតារាកំប្លែងអ្នកនាង ខ្ញុង ហើយ ធ្វើឲ្យមហាជនអស់មន្ទិលសង្ស័យជុំវិញវត្តមានរបស់តារាកំប្លែងសម្បូរវោហាររូបនេះនៅទីកំណើតដែលធ្លាប់ដុះដាលមួយនេះទៀតហើយ។
តាមរយៈគណនីហ្វេសប៊ុករបស់តារាកំប្លែងនាយ ពែកមី បានបញ្ជាក់ថា វត្តមានរបស់តួថ្មី ដែលត្រូវជំនួសតារាកំប្លែង ខ្ញុង សម្ដែងជាប្រពន្ធរបស់នាយនៅក្នុងកម្មវិធីសំណើច “២គ្រួសារ” គឺកញ្ញា ពី យ៉ាពីន។
វត្តមាន ពី យ៉ាពីន គឺមានន័យថា តារាកំប្លែងអ្នកនាង ខ្ញុង ដែលទើបតែហ៊ុមព័ទ្ធដោយបំណុល មិនត្រូវបានក្រុមហ៊ុន CBS អនុញ្ញាតឲ្យបន្តការងារទៀតឡើយ ក្រោយផ្ទុះរឿងជំពាក់បំណុលផ្សាយផ្ទាល់ផ្អើលបណ្ដាញសង្គមកាលពីអំឡុងខែតុលាឆ្នាំ២០២១កន្លងទៅ។
នាយ ពែកមី បានសរសេរថា៖ “ណែនាំអោយបងប្អូនស្គាល់ ប្រពន្ធថ្មីរបស់ខ្ញុំ (ស្រីពីន ) នៅផ្ទះលេខ២ ជំនួសតួអ្នកនាងខ្ញុង បងប្អូនចាំមើលផងតើសមត្ថភាពគាត់យ៉ាងណាដែរ? កម្មវិធី ២គ្រួសារ”។
តាមរយៈការបញ្ចេញមតិរបស់មហាជន បានបង្ហាញការសោកស្ដាយចំពោះការបាត់បង់វត្តមានរបស់ ខ្ញុង ពីកម្មវិធីសំណើច “២គ្រួសារ” ដែលនាងតែងតែតួអង្គឆ្នាសឆ្នើមប្រកបដោយដោយទេពកោសល្យពិបាករកអ្នកជំនួស។
ទោះបីជាយ៉ាងណា ក៏មហាជនបើកចិត្តទូលាយរង់ចាំមើលសមត្ថភាពរបស់ ស្រីពីន តើអាចត្រដាមត្រសងជាមួយ ខ្ញុង ឬអាចល្អជាង។ យ៉ាងណាបើយោងលើសំណេរ និងការបង្ហោះរបស់នាយ ពែកមី ហាក់បង្កប់នូវការពេញចិត្តចំពោះសមត្ថភាពរបស់ដៃគូថ្មីរូបនេះផងដែរ។ ចំណែកតារាសម្ដែង ពី យ៉ាពីន ក៏មិនទាន់មានប្រតិកម្ម ឬបង្ហាញជំហរបែបណានោះដែរ ដោយនាងគ្រាន់តែចែករំលែកបន្តនូវការបង្ហោះរបស់នាង ពែកមី ប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីផ្ទុះរឿងបំណុលជុំទិស តារាកំប្លែងសម្បូរវោហារ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ត្រូវបានអង្គភាពសាមី គឺក្រុមហ៊ុន CBS សម្រេចព្យូរការងារជាបណ្ដោះអាសន្ន ដោយរង់ចាំការសម្រេចវាសនាផ្លូវការនៅខែធ្នូឆ្នាំ២០២១។
អ្នកនាង ខ្ញុង ត្រូវបានកត់សម្គាល់ឃើញថា បានរក្សាភាពស្ងៀមស្ងាត់រហូតមក តាំងពីផ្ទុះរឿងរ៉ាវ និងដល់ពេលនៃការផ្លាស់ប្ដូររូបនាង ដោយខិតខំលក់ផ្អកប្រហុក និងអាជីពភ្លេងខ្មែរជាមួយស្វាមីប្រកបដោយភក្ដីភាពគឺ នាយ កៃដរ៕ ប្រភព ៖ តារាញូស៍