ការចាប់យានយន្តបើកកាត់ភ្លៀងស្ដុបពណ៌លឿងពីសំណាក់ប៉ូលិសចរាចរណ៍ នៅតែបន្តកើតមាន ហើយអ្នកបើកបរជាច្រើន នៅតែបន្តលើកជាសំណួរថា ខុស ឬត្រូវ? បើទោះកន្លងមក មានការបកស្រាយពីសំណាក់វរសេនីយ៍ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជុំវិញរឿងនេះ ក៏ដោយនោះ។
ជាក់ស្ដែង ម្ចាស់ឡានម្នាក់ បានបញ្ចេញវីដេអូមួយដល់គ្រុបតេឡេក្រាម «ឯកសារមន្ត្រីរាជការ» ហើយត្រូវបានម្ចាស់គ្រុបធ្វើការបង្ហោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយដាក់Captionថា “សុំសួរបងៗ តើភ្លើងស្តុបចឹងខ្ញុំខុសមែន?” សំណួរជាចម្ងល់របស់ម្ចាស់វីដេអូ លោកKang Sour។
ក្រោយពីមានការលើកជាសំណួរបែបនេះ សមាជិកក្នុងគ្រុបនេះ ភាគច្រើនឆ្លើយស្រដៀងៗគ្នាថា «អត់ខុសទេ តែខ្ញុំក៏ឧស្សាហ៍ត្រូវពួកគាត់ហៅរហូតដែរ អោយតែអត់កាមេរ៉ាមិនបាច់ប្រកែកទេ, មិនខុសទេ ព្រោះកង់មុខ បានវិលផុត គំនូសថ្មើរជើងហើយ ដូច្នេះត្រូវបន្តដំណើរទៅមុខ ដោយប្រយ័ត្នប្រយែង៕, មុនភ្លើងលឿងកង់មុខផុតគំនូសស អត់ខុសទេ។,
ខ្ញុំយល់ថា ” មិនខុសទេ ” ទោះបីយឺតជាងនេះបន្តិចទៀត ក៏មិនត្រូវហៅផាកដែរ ពីព្រោះពីភ្លើងខៀវទៅភ្លើងលឿង ពិបាកនឹងអនុវត្តឱ្យបានសុក្រឹត១០០%ណាស់។ នៅប្រទេសគេ ក៏គេមិនហៅផាកដែរ។ លើកលែងតែករណីបំពានដោយច្បាស់ៗ គឺថា លឿង២ទៅ៣វិនាទីហើយ នៅតែទៅមុខទៀត»។
ជុំវិញរឿងនេះដែរ វរសេនីយ៍ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្លាប់ពន្យល់ថា «ពាក់ព័ន្ធនឹងអ្នកបើកបរជ្រុល ក្នុងករណីមានភ្លៀងពណ៌លឿង។ ជ្រុលនេះ មានន័យថា កង់មុខរបស់គាត់ គឺឆ្លងផុតគំនូសជាប់ ពណ៌ស ដែលកាត់ទទឹងផ្លូវ ឬក៏នៅផ្លូវខ្លះ អត់មានគំនូសជាប់ពណ៌សនេះទេ តែមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់
អញ្ចឹងក្នុងករណីភ្លៀងសញ្ញាចរាចរណ៍ពណ៌លឿង ហើយកង់របស់គាត់ឆ្លងផុតសញ្ញាទាំងនេះ មានន័យថា អ្នកបើកបរអាចបន្តដំណើរទៅមុខទៀតបាន គាត់អាចទៅមុខត្រង់ គាត់អាចបត់ស្ដាំ ឬបត់ឆ្វេង ក្នុងករណីអត់មានឧបសគ្គ។ អញ្ចឹងក្នុងករណីនេះ ភ្នាក់ងារនគរបាលចរាចរណ៍ គឺមិនផាកពិន័យទេ»៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖