បើរំលឹកដល់ឈ្មោះរបស់តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ដ ប្រិយមិត្តប្រាកដជានៅចាំមិនភ្លេចឡើយ តាមរយៈសម្រស់ដ៏ស្រស់ស្អាត និងទឹកដមសំនៀងដ៏ពីរោះរបស់នាង ទោះបីជានាងបានលាចាកលោកទាំងវ័យក្មេងយ៉ាងណាក្ដី ។
យ៉ាងណា ពេលវេលា៣ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅឯស្រុកកំណើត ក៏មានការប្រារពពិធីបុណ្យយ៉ាងធំធុំមួយលើទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តារាចម្រៀងលោក ខេមរៈ សិរីមន្ដ ជាបងប្រុសបង្កើតរួមជាមួយឪពុកម្ដាយ រួមទាំងបងប្អូនដទៃទៀ តបានរៀបចំពិធីបុណ្យគម្រប់ខួប៣ឆ្នាំនេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកញ្ញា ខេមរៈ ស្រីពៅ។
បន្ទាប់ពីប្អូនស្រីបណ្ដូលចិត្តកញ្ញា ខេមរៈស្រីពៅ បានលាចាកលោកទាំងវ័យក្មេង និងកំពុងតែជោគជ័យលើវិថីចម្រៀង និងជំនួញ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ដ ជារឿយៗតែងតែនឹករលឹក និងរំលឹកពីអតីតកាលធ្លាប់ឡើងឆាកតន្រ្តីរួមគ្នាជាប្អូនស្រី ។ លើសពីនេះលោក ខេមរៈ សិរីមន្ដ តែងតែធ្វើបុណ្យទានដើម្បីឧទ្ទិសកុសលជូនដល់ប្អូនស្រីគឺកញ្ញា ខេមរៈ ស្រីពៅ ផងដែរ ។
ជាក់ស្ដែងនៅរសៀលនេះ លោក ខេមរៈ សិរីមន្ដ ក៏បានស្កាត់ពីភ្នំពេញទៅដល់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យគម្រប់៣ឆ្នាំនៃមរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ ជាប្អូន ។ ពិធីបុណ្យត្រូវបានគេដឹងថា ធ្វើឡើងយ៉ាងធំដោយមានទាំងការសម្ដែងល្ខោកបាសាក់ និងចាប៉ីថែមទៀតផង ។
គួររំលឹកថា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯប្រទេសឥណ្ឌា ដោយសារជំងឺប្រចាំកាយ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖