រាជធានីភ្នំពេញ៖ ទោះបីជាមានការមមាញឹក ហើយទទួលបានចំណូលក្រាស់ក្រែលពីវិស័យសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្តែតារាចម្រៀងស្រីរូបស្រស់ រ៉េត សូហ្សាណា នៅតែមិនបោះបង់ការសិក្សាចោលឡើយ ដោយពុះពារគ្រប់ឧបសគ្គរយ់ពេល៤ឆ្នាំខិតខំរៀនសូត្រផងរហូតទទួលបានសញ្ញាបត្រកាន់នឹងដៃប្រកបដោយមោទកភាព។
រ៉េត ស៊ូហ្សាណា កើតចេញពីគ្រួសារអ្នកមានជីវភាពសមរម្យមួយ ដែលអាចធ្វើឲ្យនាងមានសមត្ថភាពនិយាយ និងច្រៀងភាសាអង់គ្លេសបានយ៉ាងល្អ។ ដោយសារស្រឡាញ់វិស័យសិល្បៈខ្លាំង នាងបានចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈសមត្ថភាពច្រៀងជាភាសាអង់គ្លេស។
ទោះមិនបានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែនាងក៏បានជោគជ័យក្លាយជាតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស និងបានចេញបទចម្រៀងជាច្រើនហូរហែរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងកាន់តែទទួលបានការគាំទ្រ ជាពិសេសពីសំណាក់ប្រិយមិត្តជាយុវវ័យ ហើយមានទីផ្សារសិល្បៈកាន់តែខ្លាំង។
ទោះបីជាយ៉ាងណា តារាចម្រៀងវ័យក្មេងរូបនេះ មិនដែលបោះបង់ការសិក្សាម្ដងណាឡើយ ហើយនៅតែខិតខំបន្តការសិក្សារៀនសូត្ររហូតមកនៅសាកលវិទ្យាល័យ រ៉ាហ្វលអន្តរជាតិ លើជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណា តារាចម្រៀងនាង រ៉េត ស៊ូហ្សាណា បានបញ្ជាក់ថា ការសិក្សាផង និងធ្វើការផងក្នុងពេលតែមួយ ពិតជាមិនមែនជារឿងងាយស្រួលទេ។
ហ្សាណា បានរៀបរាប់ថា៖“រៀនផង ធ្វេីការផងក្នុងពេលតែមួយ មិនមែនជារឿងងាយស្រួលទេ….តែពេលនេះខ្ញុំអាចធ្វេីបានហេីយបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយះពេល៤ឆ្នាំ ខ្ញុំបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles international college majoring in business management”។
ការណ៍នេះទាមទារនូវការលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ដែលមិនមែនមានតែ ហ្សាណា ទេក៏មានយុវជន យុវនារីជាច្រើន កំពុងដើរលើផ្លូវរៀនផង ធ្វើការផង ជាពិសេសសម្រាប់និស្សិតមកពីតាមបណ្ដាខេត្ត មករស់នៅរៀនសូត្រឯរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា រ៉េត ស៊ូហ្សាណាន បានចូលរួមប្រកួតកម្មវីធី The Voice Cambodia រដូវកាលទី២អំឡុងឆ្នាំ២០១៦ ដែលកាលនោះនាងមានវ័យ១៦ឆ្នាំរៀនថ្នាក់ទី១១។ ទោះបីជាមិនបានទទួលជយលាភីក្នុងកម្មវិធី ប៉ុន្តែនាងត្រូវបានជ្រើសរើសឲ្យក្លាយជាតារាចម្រៀងនៅផលិតកម្មហង្សមាស និងទទួលបានការលើកស្ទួយពីផលិតកម្មទៀតផង។
ទោះបីជាយ៉ាងណា តារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានគេមើលឃើញថា ជាគម្រូសម្រាប់យុវវ័យជំនាន់ក្រោយផងដែរ ដែលបានលះបង់ខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ ដោយមិនភ្លើតភ្លើនទៅនឹងប្រជាប្រិយភាព ដែលទទួលបានពីវិស័យសិល្បៈយ៉ាងណាក៏ដោយ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖