រឿងភាគបុរាណរបស់ប្រទេសកូរ៉េខាងត្បូង ‘The King of Tears, Lee Bang Won’ របស់ស្ថានីយ៍ទូរទស្សន៍KBS 1TV នឹងត្រូវផ្អាកការចាក់ផ្សាយរយៈពេល២សប្តាហ៍ បន្ទាប់ពីកើតមានបញ្ហាស្មុគស្មាញពាក់ព័ន្ធនឹងករណីធ្វើទារុណកម្មសត្វសេះ ក្នុងការផលិតរឿងភាគមួយនេះឡើង ។
កាលពីដើមសប្តាហ៍ ក្រុមការពារសិទ្ធិសត្វប្រទេសកូរ៉េខាងត្បូងលើកឡើងថា ការថតរឿងភាគ ‘The King of Tears, Lee Bang Won’ មានការជាប់សង្ស័យថាបានធ្វើទារុណកម្មលើសត្វសេះ និងបង្កអោយសត្វសេះរងរបួស អំឡុងពេលថតឈុតគ្រោះថ្នាក់ ។
ក្រោយការស៊ើបអង្កេតម៉ត់ចត់ ក្រុមការងារទូរទស្សន៍ KBS បានបញ្ជាក់ត្រលប់ទៅវិញនៅថ្ងៃ២០មករាថា សត្វសេះងាប់ដោយសាររងរបួសពេលថតកុនក្នុងឈុតឆាកគ្រោះថ្នាក់ ដែលមានការយកខ្សែចងជើងសត្វសេះ ដើម្បីបង្កើតជារូបភាពគ្រោះថ្នាក់ ទៅតាមការចង់បានរបស់ក្រុមការងារផលិតរឿង។
នៅថ្ងៃ២១មករា តំណាងទូរទស្សន៍KBS បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ដោយសារបញ្ហាស្មុគស្មាញជាច្រើននាពេលថ្មីៗដែលកើតឡើងជុំវិញរឿងភាគ’The King of Tears, Lee Bang Won’ ស្ថានីយ៍នឹងសម្រេចផ្អាកការចាក់ផ្សាយរឿងនេះរយៈពេល២សប្តាហ៍។ សម្រាប់ការចាក់ផ្សាយនៅថ្ងៃទី២២និង២៣មករាចុងសប្តាហ៍នេះ នឹងត្រូវលុបចោល ហើយការផ្សាយពិសេសអំឡុងពេលបុណ្យឆ្លងឆ្នាំថ្មីថ្ងៃ២៩និង៣០មករា ក៏ត្រូវលុបចោលផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះ មហាជនប្រទេសកូរ៉េខាងត្បូងកើតមានការខឹងសម្បារយ៉ាងខ្លាំងដែលការថតរឿងនាំអោយសត្វសេះងាប់ ហើយក៏នាំគ្នាអំពាវនាវអោយឈប់បញ្ចាំងរឿងភាគ’The King of Tears, Lee Bang Won’ មួយនេះផងដែរ។ បន្ថែមពីលើនេះទៀត ក្រុមការពារសិទ្ធិសត្វច្រើនជាង៩០ក្រុម បានរួមគ្នាប្តឹងទូរទស្សន៍ KBS ពាក់ព័ន្ធនឹងករណីធ្វើទារុណកម្មសត្វ។
ប្រភពពីតារាញូស៍