បើនិយាយដល់ឈ្មោះ សួ វិចិត្រ ច្បាស់ណាស់ ចាស់ក្មេងស្ទើរតែគ្រប់ទិសទីប្រាកដបានស្គាល់ ដ្បិតបទចម្រៀង Cover របស់យុវជនមកពីខេត្តពោធិ៍សាត់រូបនេះ សុទ្ធសឹងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook, YouTube និង TikTok ជាដើម ។
សួ វិចិត្រ គឺជាតារាចម្រៀងមួយរូប ដែលមហាជនចាត់ទុកថា ជារលកក្រោយដែលមានទេពកោសល្យខ្ពស់ ស្រែកបានខ្លាំងល្អ និងទឹកដមពីរោះអាចសន្ដំចិត្តអ្នកស្ដាប់ឱ្យលង់លក់តាមសំនៀងដ៏ក្រអួនក្រអៅរបស់គេ ។ ការណ៍នេះធ្វើឱ្យនិស្សិតផ្នែកអគ្គីសនីរូបនេះ ទទួលបាននូវប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយដ៏ខ្លី ។
លើសពីនេះកេរ្ដិ៍ឈ្មោះយុវជន សួ វិចិត្រ ក៏កាន់តែល្បីរន្ទឺខ្លាំងឡើង ស្របពេលដែលរូបគេឈានជើងចូលកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ហង្សាមាស Beat The Best ។ ហើយដោយសារតែមានសមត្ថភាពខ្ពស់ ធ្វើឱ្យបេក្ខជនរូបនេះ មានភាពលេចធ្លោរជាងគេក្នុងចំណោមបេក្ខជាច្រើនទៀត ។
បើទោះជាយ៉ាងណាភាពជោគជ័យនេះ សួ វិចិត្រ បានទម្លាយថា មានបុរសម្នាក់ដែលតែងតែជួយរុញច្រាននៅពីក្រោយខ្នងរូបគេរហូតមក ។ តើបុរសរូបនោះជានរណា? ថ្ងៃនេះ តារាញូស៍ នឹងបង្ហាញមុខឱ្យប្រិយមិត្តបានស្គាល់ ។
បញ្ញា ស្លាមាស គឺជាឈ្មោះបណ្ដាញសង្គមរបស់បុរសខ្លាំង ដែលតែងតែនៅពីក្រោយភាពជោគជ័យរបស់យុវជន សួ វិចិត្រ ។ លោកគឺជាថៅកែ និងជាថ្នាក់ដឹកនាំមជ្ឈមណ្ឌលកម្សាន្ដស្លាមាសខេត្តពោធិ៍សាត់ ។ គេនៅចាំបានថា ថ្មីៗនេះ លោក បញ្ញា បានបង្ហាញឱ្យមហាជនបានដឹងនៅលើបណ្ដាញសង្គម តាមរយៈសំណេរលើកទឹកចិត្តមួយដល់ សួ វិចិត្រ ខណៈដែលរូបគេទទួលបានជោគជ័យក្នុងវគ្គ Beat The Team នៃកម្មវិធីប្រឡងចម្រៀង Beat The Best ។
ជាមួយគ្នានោះមានការចាប់អារម្មណ៍ជាខ្លាំង ដោយលោកលើកឡើងថា ដំបូងឡើយខ្លួនមិនដែលគិតថា យុវជន សួ វិចិត្រ នឹងអាចទទួលបានជោគជ័យឡើយ ប៉ុន្តែដោយសារតែភាពកម្សត់កម្រ និងការតស៊ូរបស់ សួ វិចិត្រ ទើបធ្វើឱ្យលោកប្រឹងប្រែងជ្រោមជ្រែងរូបគេ រហូតទទួលបានភាពជោគជ័យបណ្ដើរៗដូចសព្វថ្ងៃនេះ ។
លោក បញ្ញា បាននិយាយថា៖ «វិចិត្រ ពេលដែលចូលមកដល់ស្លាមាសដំបូង បងមិនដែលគិតថា ប្អូនជោគជ័យនោះទេ តែបងគិតថា ភាពកម្សត់កម្រ ការតស៊ូរបស់ប្អូននោះទេ ដែលធ្វើឲ្យបងប្រឹងជ្រោមជ្រែង។ ហើយអ្វីដែលអ្នកដឹកនាំចង់បានបំផុត គឺកូនចៅខ្លួនឯងជោគជ័យ មិនមែនលុយកាក់ ឬក៏ប្រយោជន៍អ្វីទេ ត្រូវចាំថា មានបងម្នាក់នៅពីក្រោយជានិច្ច ត្រូវតែទៅមុខជានិច្ច» ។
មិនតែប៉ុណ្ណោះ ថៅកែ និងជាថ្នាក់ដឹកនាំរូបនេះតែងតែផ្ដល់ដំបូលន្មានល្អៗ និងការលើកទឹកចិត្តដល់យុវជន សួ វិចិត្រ ឱ្យប្រឹងប្រែងជាបន្តទៀត ។
គួររំលឹកថា កន្លងមក សួ វិចិត្រ ធ្លាប់បានអះអាងថា ខ្លួនមិនដែលចាត់ទុកលោក បញ្ញា ជាថៅកែឡើយ ពោលគឺតែងតែចាត់ទុកជាបង ជាមេដឹកនាំ និងជាឪពុក ។ ហើយដំបូន្មានល្អៗច្រើន វិចិត្រ តែងតែទទួលបានពីថ្នាក់ដឹកនាំមួយរូបនេះ ។
ដោយ សួ វិចិត្រ បាននិយាយថា៖ «ខ្ញុំមិនដែលគិតថា គាត់ជាថៅកែទេ តែងតែគិតថាគាត់ជាបងផង ជាអ្នកដឹកនាំផង និងជាឳពុកផង ដំបូន្មានល្អៗខ្ញុំទទួលបានច្រើនណាស់ពីគាត់។ មេតែងជួយជ្រោមជ្រែមផ្ដល់កន្លែងស្នាក់នៅ និងផ្ដល់ឱកាសឱ្យខ្ញុំបានកាន់ក្បាលមេក្រូច្រៀង ហើយពេលសប្បាយយើងសប្បាយជុំគ្នា ពេលហាងជួបការលំបាក យើងក៏លំបាកជាមួយគ្នា 5ឆ្នាំដ៏មានអត្ថន័យ» ៕ ប្រភព ៖ តារាញូស៍