កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញជាផ្លូវការនូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ ដោយក្នុងនោះឃើញថា មានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២០១៦ នាក់ ស្មើនឹង ៦៥.៦៥ ភាគរយ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។
ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន ១៧៥៣ នាក់ និទ្ទេស B មានចំនួន១៥៥២ នាក់ និទ្ទេស C ចំនួន ១១៦៣៤ នាក់ និទ្ទេស D ចំនួន ២៣៤៩៩ នាក់ និងនិទ្ទេស E ចំនួន២៩៩១៥នាក់។
បេក្ខជនជាប់និទ្ទេស A មានចំនួន ១៧៥៣ នាក់ នោះជាប់ច្រើនជាងគេនៅរាជធានីភ្នំពេញមានចំនួន ៥៦៥នាក់, សៀមរាប ១៥៣នាក់, កណ្តាល១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់ ,បន្ទាយមានជ័យ៩៩នាក់, តាកែវ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត៧៥នាក់,
ត្បូងឃ្មុំ៥៤នាក់, ក្រចេះ៤៥នាក់, កំពង់ធំ៤១ កំពង់ស្ពឺ៣៣, ពោធិ៍សាត់២៨នាក់, ស្វាយរៀង២៦នាក់, កំពង់ឆ្នាំង២២នាក់, ព្រះសីហនុ២០នាក់, រតនគីរី ៩នាក់, ស្ទឹងត្រែង៦នាក់, ប៉ៃលិន៦នាក់, ឧត្តរមានជ័យ៥នាក់, កោះកុង៤នាក់, ព្រះវិហារ៤នាក់, កែប៣នាក់និងមណ្ឌលគិរី១នាក់។
ក្នុងចំណោមអ្នកជាប់និន្ទេសAមកពីបន្ទាយមានជ័យ៩៩នាក់នោះ ក៏មានយុវជនម្នាក់ឈ្មោះ វើក ចន្ធី ផងដែរ ដោយរូបគេ ជាកូនកសិករក្រីក្រ មានឪពុកជាជនពិការ។ ដោយឃើញការតស៊ូរបស់រូបគេបែបនេះ អ្នកស្រី ទ្រី ដាណា ក៏សម្រេចផ្ដល់ថវិកាមួយចំនួនសម្រាប់ធ្វើដើមទុនរៀនសូត្របន្តផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ អ្នកស្រី ទ្រី ដាណា បានរៀបរាប់ដូច្នេះថា «សរសើរប្អូន មានការតស៊ូខ្លាំង ប្រឡងបាក់ឌុបជាប់និទ្ទេស A ទៀត! គ្រួសារកសិករ ឪពុកពិការដៃ គ្មានរបស់ទំនើបប្រើ តែនៅរៀនពូកែ ខ្ញុំនឹងផ្ញើថវិកាជូន 1000$ ដើម្បីជាដើមទុនបន្តការសិក្សា
ព្រោះប្អូនបានជាប់អាហារូបករណ៍នៅភ្នំពេញ។ គាត់នៅស្រុកចុងកាល ខេត្តឧត្ដរមានជ័យ។ សរសើរ និងចូលចិត្តអ្នកតស៊ូបែបនេះ ខំប្រឹងបន្តទៀត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»៕