លោកអ្នក បានជ្រាបរួចមកហើយថា សួ វិចិត្រ ជាអ្នកចម្រៀងមួយរូប នៅមជ្ឈមណ្ឌលកំសាន្តស្លាមាសខេត្តពោធិ៍សាត់ ដែលមានភាពល្បីល្បាញលើបណ្ដាញសង្គម តាមរយៈចម្រៀងCoverជាច្រើនបទនោះ។
ស្របពេលកំពុងល្បីល្បាញហើយនោះ, កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោក បានទៅក្នុងការចូលរួមប្រឡងកម្មវិធីBeat The Best វគ្គ Beat The Judges ដោយលើកយកបទ «កុំឲ្យគេឈឺចាប់ដោយសារបង» ដែលជាសំនៀងដើមរបស់លោកឆាយ វីរៈយុទ្ធ មកបកស្រាយ។
តាមរយៈការបកស្រាយយ៉ាងពីរោះរណ្ដំចិត្តនេះ បានធ្វើគណៈកម្មការទាំង៤ពុះកញ្ជ្រោលជាមួយសមត្ថភាពរបស់លោកខ្លាំងណាស់ ហើយពួកគេមិនគិតយូរ ក៏បានសម្រេចឲ្យលោកឡើងទៅវគ្គបន្ត ជាមួយនឹងអារម្មណ៍រំភើបឥតឧបមា។
លុះដល់វគ្គBeat The Team សប្ដាហ៍ទី២ សួ វិចិត្រ ក៏បានធ្វើបានល្អទៀត ហើយបានឆ្លងផុតវគ្គនេះដោយជោគជ័យ។ ដោយឡែក ដល់វគ្គBeat Yourself នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នោះ ចិត្រ ធ្វើមិនសូវបានល្អនោះទេ ក្នុងConcept បទបែបRock ដោយផ្ដើមដំបូងខុសចង្វាក់បន្តិច កាយវិការមិនស៊ីនឹងចម្រៀង ចេះតែលោតៗ។ លុះច្រៀងចប់ លោកក៏បានថើបខ្សែករបស់ខ្លួនទៀតផង។
ការថើបខ្សែកខ្លួនឯងនេះ បានធ្វើឲ្យអ្នកនាងពេជ្រ សោភា ចាប់អារម្មណ៍ខ្លាំងណាស់ ក៏សួរទៅកាន់ចិត្រ ឲ្យបញ្ជាក់ពីមូលហេតុ ហើយចិត្រ បានប្រាប់ថា ខ្សែកនេះ មេលោកឲ្យ ហើយប្រាប់ថា មកប្រឡងឲ្យជាប់ ធ្វើជាតារាហង្សមាសឲ្យបាន។ ក្រោយការបញ្ចេញមតិចប់សព្វគ្រប់ គណៈកម្មការបានសម្រេចឲ្យចិត្រ អាចទៅវគ្គបន្តទៀត។
ត្រឡប់ទៅមើលវគ្គBeat The Team មេរបស់ចិត្រ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Panha Slameas» បានបង្ហោះសារលើកទឹកចិត្តថា «វិចិត្រពេល ដែលអូនចូលមកដល់ស្លាមាសដំបូង បងមិនដែលគិតថា អូនជោគជ័យនោះទេ តែបងគិតថា ភាពកម្សត់កម្រការតស៊ូរបស់អូននោះទេ ដែលធ្វើឲ្យបងប្រឹងជ្រោមជ្រែងអូន ហើយអ្វីដែលអ្នកដឹកនាំចង់បានបំផុត គឺកូនចៅខ្លួនឯងជោគជ័យ មិនមែនលុយកាក់ឬក៏ប្រយោជន៍អ្វីទេ អូនត្រូវចាំថាមានបងម្នាក់នៅពីក្រោយអូនជានិច្ច ត្រូវតែទៅមុខជានិច្ច»។
ជាការឆ្លើយតបចំពោះទឹកចិត្តមេរបស់ខ្លួននោះ ចិត្រ បានលើកឡើងថា «ខ្ញុំមិនដែលគិតថា គាត់ជាថៅកែទេតែងតែគិតថា គាត់ជាបងផងជាអ្នកដឹកនាំផង និងជាឪពុកផង ដំបូន្មានល្អៗខ្ញុំទទួលបានច្រើនណាស់ពីគាត់ មេតែងជួយជ្រោមជ្រែងផ្ដល់កន្លែងស្នាក់នៅ និងផ្ដល់ឱកាសអោយខ្ញុំបានកាន់ក្បាលមេក្រូច្រៀង ហើយពេលសប្បាយយើងសប្បាយជុំគ្នា ពេលហាងជួបការលំបាកយើងក៏លំបាកជាមួយគ្នា 5ឆ្នាំដ៏មានអត្ថន័យ #មជ្ឈមណ្ឌលកំសាន្តស្លាមាសខេត្តពោធិ៍សាត់»។
លុះដល់វគ្គ Beat Yourself ដែលចិត្រ ប៊ិះនឹងធ្លាក់ទៅហើយនោះ មេរបស់ចិត្រ នៅតែបន្តបង្ហោះសារលើកទឹកចិត្តថា «គ្មានអ្វីត្រូវភ័យទេប្អូន សេចក្ដីភ័យខ្លាច គឺជាអវិជ្ជា ហើយវាជាអកុសលចិត្តតែប៉ុណ្ណោះ អូនធ្វើឲ្យល្អហើយ ទុកឲ្យកម្មផលជាអ្នកសម្រេចចុះ សេចក្ដីក្រលំបាកយើងមិនខ្លាចផង រឿងអីគ្រាន់តែការប្រឡងហ្នឹងយើងខ្លាច ធ្លាក់ក៏នៅជាប្អូនបង ជាប់ក៏នៅតែប្អូនបង ជីវិតត្រូវដើរទៅមុខ»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖