តារាចម្រៀង សួស វីហ្សា និងស្វាមី បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតែទទួលបានជោគជ័យខ្លាំងលើមុខជំនួញ ។ ប៉ុន្តែទន្ទឹមនឹងទទួលបានភាពជោគជ័យលើជំនួញតូចធំជាច្រើនក្នុងដៃនេះ ប្ដីប្រពន្ធមួយគូនេះក៏ទទួលរងនូវសម្ពាធផ្លូវចិត្តមិនតិចពីមនុស្សជុំវិញខ្លួនផងដែរ ។
ជាក់ស្ដែងនៅថ្មីៗនេះ សួស វីហ្សា បានបង្ហាញអារម្មណ៍មួយនៅលើបណ្ដាញសង្គម ដែលស្ដាប់មើលទៅហាក់មិនសប្បាយរីករាយប៉ុន្មានឡើយ ពាក់ព័ន្ធនឹងការលើកឡើង និងការរិះគន់ហួសព្រំដែនរឿងសិល្បករធ្វើជំនួញ ។ ដោយនាងបានស្នើសុំឱ្យមហាជនបញ្ឈប់ការដាក់សម្ពាធ និងបើកផ្លូវដល់សិល្បករផ្សេងៗដែលកំពុងប្រឹងប្រែងរកស៊ី ។
សួស វីហ្សា បាននិយាយថា ទោះជាអ្នកសិល្បៈ ជាតារាល្បីរឺមិនល្បី ពួកយើងសុទ្ធតែមានគ្រួសារជាបន្ទុកដូចអ្នកទាំងអស់គ្នា ហេតុនេះចង់សុំឱ្យអ្នកទាំងអស់គ្នាបើកចិត្តឱ្យទូលាយ បើកផ្លូវ បើកឱកាស ឱ្យតារាៗជាច្រើនដូចពួកយើងបានចេញមកធ្វើជំនួញរកស៊ីផង ហើយគួរបញ្ឈប់ដាក់សម្ពាធលើពាក្យថា តារាពេលពិបាកលើកដៃសុំជំនួយ ពួកយើងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកស៊ីលើគ្រប់រូបភាព និងមិនចង់លឺពាក្យថា តារាតែងតែសុំជំនួយពីមាត់មហាជនតទៅទៀតទេ ។
តារាស្រីរូបនេះបានអះអាងយ៉ាងដូច្នេះថា៖ «សូមឈប់ដាក់សម្ពាធលើពាក្យថាតារាទើបតារាលែងមានឈ្មោះថាពេលពិបាកលើកដៃសុំជំនួយ ពួកយើងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកស៊ីលើគ្រប់រូបភាព ហេតុតែមិនចង់អោយលឺពាក្យថាតារាតែងតែសុំជំនួយៗពីមាត់មហាជនតទៅទៀតទេ» ។
មិនតែប៉ុណ្ណោះតារាចម្រៀង សួស វីហ្សា បានបន្តអះអាងទៀតថា បើសិនជាសិល្បករមិនថាចាស់ ឬថ្មីដែលកំពុងតែប្រឹងប្រែងរកស៊ីហើយ គួរបើកផ្លូវឱ្យពួកគាត់រកស៊ីទៅ សំខាន់ឱ្យតែពួកគាត់រកស៊ីស្របច្បាប់ និងគួលើកទឹកចិត្តពួកគាត់ ។ ដោយនាងនិយាយថា៖ «ចង់សុំចិត្តបងប្អូនទាំងអស់គ្នាថា បើឃើញតារាតារាទាំងជើងចាស់ទាំងថ្មីពួកគាត់កំពុងប្រឹងប្រែងរកស៊ីហើយ សូមបើកផ្លូវឱ្យគាត់រកស៊ីទៅ ឱ្យតារាគាត់បានធ្វើការងារផ្សេងៗពីសិល្បៈផងទៅ សំខាន់ឱ្យតែពួកគាត់រកស៊ីស្របច្បាប់លើកទឹកចិត្តគាត់ផងទៅចុះ» ។
គួរបញ្ជាក់ថា ប្ដីប្រពន្ធ សួស វីហ្សា និងលោក ថមមី បច្ចុប្បន្នបានកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គម ហើយក៏កំពុងតែជោគជ័យជាមួយនឹងមុខជំនួញធំៗជាច្រើននៅក្នុងដៃផងដែរ ។ ជាក់ស្ដែងថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះទទួលលុយជាច្រើនពីអ្នកស្រី ទ្រី ដាណា ក្រោយសហការគ្នាលក់អាហារបំប៉នសុខភាព ។
ប៉ុន្តែយ៉ាងណាមួយរយៈចុងក្រោយនេះ សួស វីហ្សា និងស្វាមី ហាក់រយាលខ្លាំងពីអាជីពសិល្បៈ ពោលគឺរយៈពេលប្រមាណជាង១ឆ្នាំចុងក្រោយនេះ អ្នកទាំងពីរមិនដែលឡើងឆាកទូរទស្សន៍ ឬឡើងឆាកប្រគុំតន្រ្តីនានាសោះឡើយ ។ ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែម និងភាសាជាប្ដីប្រពន្ធគំរូជាញឹកញយនៅលើបណ្ដាញសង្គម ៕ប្រភពពីតារាញូស៍