រាជធានីភ្នំពេញ ៖ គុយលី តារាចម្រៀងពលករម្នាក់ដែលគេស្គាល់តាមរយៈការច្រៀង Cover បទចម្រៀងបង្ហោះលើបណ្ដាញសង្គម ដើម្បីបង្កើននូវការកម្សាន្តសប្បាយៗ ដោយទទួលបានប្រជាប្រិយភាពសន្ធឹកសន្ធាប់ពីមហាជន រហូតត្រូវបានឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ជួយជ្រោមជ្រែងរហូតគេចផុតឈ្មោះជាពលករចំណាកស្រុក និងមានជីវិតល្អប្រសើរនៅលើទឹកដីកំណើត។
យោងតាមវីដេអូសម្ភាសជាមួយសារព័ត៌មាន តារាញូស៍ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០កន្លងទៅ នៅក្នុងពិធីស្វាគមន៍កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ទៅកាន់ផលិតកម្ម Galaxy Navatra គុយលី បានបញ្ជាក់ថា បច្ចុប្បន្នលោកជាបុរសពោះម៉ាយ ហើយលោកធ្លាប់មានភរិយាម្ដងរួចមកហើយ ប៉ុន្តែក៏លែងលះគ្នាវិញក្រោយរៀបការបានជាង១ខែ មូលហេតុដោយសាររស់នៅមិនចុះសម្រុងគ្នា ដូច្នេះទើបសម្រេចចែកផ្លូវគ្នា ព្រោះមិនចង់ឲ្យពេលមានកូនពិបាក ឈ្លោះគ្នាប៉ះពាល់ដល់កូន។
ប៉ុន្តែមួយរយៈចុងក្រោយនេះគេឃើញគណនី Tik Tok របស់អតីតអ្នកចម្រៀងពលកររូបនេះ តែងបង្ហោះនូវវីដេអូលេងសើចញ៉េះញ៉ោះ ផ្ដោះផ្ដងជាមួយនារីវ័យក្មេងស្រស់ស្អាតម្នាក់ជារឿយៗ រហូតមានមជ្ឈដ្ឋានជាច្រើនបានដាក់ការសង្ស័យថា អ្នកទាំងពីរប្រហែលជាមានទំនាក់ទំនងអ្វីពិសេស ឬអាចជាគូស្នេហ៍នឹងគ្នាផងដែរ។ យ៉ាងណាមិញជុំវិញចម្ងល់នេះ តារាញូស៍ ក៏បានទាក់ទងតាមរយៈសារអេឡិចត្រូនិក (Messenger) ទៅកាន់លោក គុយលី ដើម្បីបំភ្លឺផងដែរ ដោយសាមីខ្លួនបានឆ្លើយតបដោយឥតលាក់លៀមក្នុងនាមជាតារាក្នុងដួងចិត្តមហាជនថា៖ «គ្រាន់តែជាប្អូននៅកន្លែងធ្វើការជាមួយគ្នា មិនមានចិត្តស្រឡាញ់ទេ»។
គុយលី ថា នារីវ័យក្មេងសាច់ស្អាតពុកមាត់តិចៗទាក់ទាញបុរសៗតាមបណ្ដាញសង្គមដែលខ្លួនតែងប្រឡែងជាមួយនោះ គឺព្រោះតែនាងជាមនុស្សស្រួល ទើបលេងធ្វើបាបគាត់ដើម្បីសប្បាយតែប៉ុណ្ណឹង គ្មានអ្វីលើសពីហ្នឹងទេ។ បន្ថែមលើនេះ តារាចម្រៀងដែលចូលចិត្តលេងសើចផ្ដល់សំណើចមិនចេះរីងស្ងួតរូបនេះក៏បានបញ្ជាក់ឲ្យ តារាញូស៍ បង្ហាញបេះដូងមានភ្លើងខៀវថា៖ «បច្ចុប្បន្នក៏មិនទាន់មានស្នេហាថ្មីនោះដែរ»។ ចុងក្រោយលោកក៏បានបញ្ជាក់ថា៖ «បើថ្ងៃណាមួយមានគូស្នេហ៍ លោកនឹងបង្ហោះជាផ្លូវការឲ្យផ្អើលគេឯងតែម្ដង»៕