នៅក្នុងឱកាសគម្រប់ខួប១០០ថ្ងៃនៃការលាចាកលោកទៅកាន់លោកខាងមុខរបស់ឪពុក តារាចម្រៀង ករុណា ពេជ្រ បានរៀបចំធ្វើបុណ្យនិមន្តព្រះសង្ឃជាច្រើនអង្គ ដើម្បីរាប់បាត្រ និងឧទ្ទិសកុសលជូន។
ពិធីធ្វើបុណ្យនេះ គឺធ្វើឡើងនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាទីកំណើតរបស់ឪពុកលោក ករុណា ពេជ្រ ។ ហើយការណ៍ដែលនិមន្តព្រះសង្ឃរហូតចំនួន៧៥អង្គដើម្បីធ្វើការរាប់បាត្រនោះ ករុណា ពេជ្រ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា គឺធ្វើទៅតាមអាយុឪពុកលោកផងដែរ ។
តារាច្រៀងប្រចាំផលិតកម្មថោនរូបនេះបានអះអាងទៀតថា ពិធីបុណ្យគម្រប់ខួបមួយរយថ្ងៃនៃការចែកឋានរបស់ឪពុកនេះ មិនបានអញ្ជើញភ្ញៀងកិត្តិយសដើម្បីទៅចូលរួមឡើយ ដ្បិតទីតាំងនៃការប្រារពធ្វើបុណ្យហាក់នៅឆ្ងាយពីរាជធានីភ្នំពេញ ដោយមានការរូលរួមពីសំណាក់អ្នកស្រុកភូមិជិតៗនោះតែប៉ុណ្ណោះ ។
ករុណា ពេជ្រ បាននិយាយថា៖ «ខ្ញុំបាទក៏សូមអភយ័ទោសចំពោះបងប្អូន មិត្តភក្តិ ពូមីង និង Friend ក្នុង Facebook ជាច្រើន ដែលមានទឹកចិត្តចង់ចូលរួមពិធីបុណ្យ១០០ថ្ងៃប៉ា យ៉ាងច្រើន ប៉ុន្តែដោយខ្ញុំធ្វើនៅឯស្រុកកំណើតប៉ា ដូច្នេះពិតជាមិនហ៊ានរំខាន និង អញ្ជើញបងប្អូនមិត្តភក្តិដោយសារឆ្ងាយ ប៉ុន្តែខ្ញុំបាទសូមសម្តែងនូវទឹកចិត្តអរគុណយ៉ាងខ្លាំង សម្រាប់ការស្រលាញ់រាប់អានចំពោះខ្ញុំ និងប៉ា» ។
គួរបញ្ជាក់ថា ឪពុកតារាចម្រៀងលោក ករុណា ពេជ្រ លោក ម៉ុក សាខន បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយជំងឺប្រចាំកាយ ។ ដោយកាលណោះ ករុណា ពេជ្រ បានចំណាយថវិការហូតខ្ទង់១០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីបុណ្យសពជូនឪពុកជាលើកចុងក្រោយ ដែលក្នុងនោះបូកបញ្ចូលទាំងគ្រឿងឧបភោគបរិភោគទទួលភ្ញៀវដែលទៅចូលរួមរយៈពេល៧ថ្ងៃ និងគ្រឿងសម្ភារៈសម្រាប់បញ្ចុះសពឪពុកដូចជា ម៉ុង និងក្ដារថ្លៃៗជាដើម ។
បើទោះជាយ៉ាងណា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ករុណា ពេជ្រ ក៏បាននិមន្តព្រះសង្ឃចំនួន៧៥អង្គធ្វើបុណ្យរាប់បាត្រ និងឧទ្ទិសកុសលជូនលោក ម៉ុក សាខន ដែលជាឪពុកជាថ្មីម្ដងទៀតគម្រប់មួយរយថ្ងៃ ។ ហើយពិធីបុណ្យនេះធ្វើឡើងនៅឯស្រុកបាភ្នំ ខេត្តព្រៃវែង ៕