អតីតតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសថៃលោក Michael Poupart ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីយប់មិញនេះ នៅក្នុងផ្ទះមួយកន្លែងក្នុងសង្កាត់ Lat Phrao ទីក្រុងបាងកក បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមថៃ។
បន្ទាប់ពីក្រុមប៉ូលិសជំនាញបានចុះទៅដល់កន្លែងកើតហេតុបានរកឃើញវត្ថុតាងមួយចំនួន និងមូលហេតុដែលនាំឱ្យ បុរសវ័យ៥២ឆ្នាំ Michael Poupart ឈានដល់សម្លាប់ខ្លួនឯងដោយប្រើប្រាស់ កាំភ្លើងខ្លីទំហំ .២២ ម.ម បាញ់ចំក្បាល ហើយបានដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់គេងរបស់គាត់។
ទន្ទឹមនឹងនេះប៉ូលិសក៏បានបង្ហាញផងដែរថា ដោយសារតែអ្នកស្លាប់មានជំងឺពីកំណើត គឺជំងឺខ្សោយសាច់ដុំ និងមានជំងឺបាក់ទឹកចិត្ត ដែលអតីតតារាសម្ដែងរូបនេះទទួលការព្យាបាលជាយូរមកហើយ ក្នុងនោះប៉ូលិសបានរកឃើញថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តមួយចំនួនធំនៅក្នុងបន្ទប់។ ទើបជាមូលហេតុបណ្ដាលឱ្យ Michael Poupart ប្រើអាវុធបាញ់សម្លាប់ខ្លួនឯង។
តាមការសាកសួរលោក សោម ម៉ៃ (សូមរក្សានាមត្រកូល) អាយុ៦០ឆ្នាំ ដែលបានរកឃើញសពដំបូងបាននិយាយថា លោកបានទទួលទូរស័ព្ទពីប្រពន្ធរបស់សពថា មិនអាចទាក់ទងបាន ។ ដូច្នេះលោកបានទូរស័ព្ទទៅអ្នកស្លាប់ ប៉ុន្តែក៏មិនអាចទាក់ទងបានដែរ ។ ដូច្នេះហើយប្រញាប់ទៅមើលផ្ទះ។ រកឃើញទ្វារបិទមិនអាចបើកបាន។ ដូច្នេះសុំឱ្យម្ចាស់ផ្ទះប្រើសោទំនេរដើម្បីបើកវា។ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅនឹងឥដ្ឋក្នុងបន្ទប់ និងបានការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច និងក្រុមសង្គ្រោះមកពិនិត្យ ។
ដោយឡែក ភរិយារបស់អ្នកស្លាប់បាននិយាយថា ខ្លួនស្នាក់នៅផ្ទះផ្សេងពីអ្នកស្លាប់។ ដោយក្តីព្រួយបារម្មណ៍ ខ្លួនបានទៅមើលអ្នកស្លាប់ចំនួន៣ដង ឃើញអ្នកស្លាប់លើកចុងក្រោយនៅម៉ោងប្រហែល២ទៀបភ្លឺ មុននឹងត្រឡប់ទៅដេកនៅផ្ទះ ហើយហៅអ្នកស្លាប់ម្តងទៀត។ ទោះហៅប៉ុន្មានដងក៏មិនឆ្លើយ។ រហូតដល់មានអ្នកមកបើកទ្វារឃើញថាស្លាប់បាត់ទៅហើយ ៕