យោងតាមការចុះផ្សាយរបស់គេហទំព័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា «ល្ខោនបាសាក់ ក៏មិនខុសពីទម្រង់ដទៃទៀតប៉ុន្មានដែរ ប៉ុន្តែបានយកឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះបានរីកចម្រើនទៅវិញ ពោលគឺល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ខេត្តឃ្លាំងទល់មុខព្រះត្រពាំងកម្ពុជាក្រោម។
ទឹកដីកម្ពុជាក្រោមនេះ ត្រូវបានពួកអាណានិគមនិយមបារាំងកាត់ទៅឲ្យវៀតណាម ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ១៩៤៩។ ឥឡូវស្ថិតនៅ “ភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ”។ បាសាក់ ជាឈ្មោះទន្លេមួយដែលជា ខ្នែងមួយនៃទន្លេមេគង្គទាំងបួនដែលប្រសព្វគ្នានៅភ្នំពេញ “ចតុម្មុខ” ។
ទន្លេនេះ បានហូរកាត់ទៅទិសខាងត្បូងចាក់ទៅក្នុងឈូងសមុទ្រចិន ហើយនៅលើដងទន្លេនេះហើយដែលជាទីតាំងនៃស្រុកបាសាក់ ខេត្តឃ្លាំងទល់មុខនឹងខេត្តព្រះត្រពាំង ដែលល្ខោនបាសាក់បានចាប់កំណើតឡើង ។
តំបន់នេះក៏ដូចជាតំបន់ដទៃទៀត មានប្រជាជនខ្មែររស់នៅច្រើនជាតំបន់មានអារ្យធម៌ និងមានកេរដំណែលវប្បធម៌ខ្មែរពីបរមបុរាណច្រើនដូចជាប្រាសាទ ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និងល្ខោនច្រើនប្រភេទ ដូចជាយីកេរ្តិ៍ និងល្ខោនយក្សរាំជាដើម ។ល។ និង ។ល។
តាមព័ត៌មានដែលទទួលបាន ល្ខោនបាសាក់ សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោង ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅជ្រះខាងអក្សរសិល្ប៍ និងសាសនាក្រោមការដឹកនាំ របស់អតីតចៅអធិការវត្តខ្សាច់កណ្ដាល “បាសាក់ព្រះត្រពាំង” កម្ពុជាក្រោម ឈ្មោះលោកគ្រូសួរ»។
បច្ចុប្បន្នល្ខោនបាសាក់ បើទោះមិនសូវទទួលបានការគាំទ្រច្រើនដូចពីមុនក៏ដោយ ក៏នៅតែមានការសម្ដែងដដែល ហើយថ្មីៗនេះ ការសម្ដែងល្ខោនបាក់មួយ ត្រូវបានគេយកមកបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទទួលការចាប់អារម្មណ៍ខ្លាំងណាស់។
ការចាប់អារម្មណ៍នេះត្រង់ថា អ៊ំស្រីម្នាក់ ឃើញការសម្ដែងល្ខោននេះ ក្នុងឈុតមួយ មានការធ្វើបាបតួស្រី ជាខ្លាំង ទើបយំគោះទ្រូង ជូតទឹកភ្នែក តវ៉ា និងទាញខ្សែរំពាត់ពីអ្នកធ្វើបាបតួស្រីទៀតផង។ ប្រការនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ទប់អារម្មណ៍មិនជាប់ ចូលទៅបញ្ចេញមតិព្រោងព្រាត។
ក្នុងចំណោមមតិជាច្រើននោះ ពួកគេលើកឡើងថា «មានតែអ្នក ហ្វេនល្ខោនទេ ទើបយល់អារម្មណ៍មួយនេះច្បាស់ ថាឈឺចាប់ណាស់, សង្ស័យតែស៊ីដុំថ្មរបស់អ៊ំហ្នឹងទេ, ខ្លាចតែអ៊ំស្រីទ្រាំមិនបានហ្នឹងឆេះ រោងល្ខោនខ្ទេចឥឡូវ ហើយ។ ,នេះជំនាន់នឹងមានទូរស័ព្ទថត កាលពីខ្ញុំនៅពីក្មេងជាងហ្នឹងទៅទៀត ប៉ុន្តែសម័យនោះអត់មានទូរសព្ទថតទេ,
អារឿងគេត្រូវយំអ៊ំចូលមកលែងយំហើយ, ខ្ញុំអ្នកមើលក៏ខ្លោចចិត្តនឹងអ៊ំស្រីដែរ ចូលតួសាហាវណាស់អ៊ំ, យ៉ាងហ្នឹង ភ្លេចសាច់រឿងអស់ហើយតួៗអើយ, តួកាចកុំចុះមកប្រយ័ត្នផង, ម្ដាយអើយម្ដាយ គេសម្តែងទេ, ម៉ែមើលហើយយំតាមគេ, ម៉េចក៏ឆោតយ៉ាងនេះ ឱយាយអើយយាយ»៕