កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញជាផ្លូវការនូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ ដោយក្នុងនោះឃើញថា មានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២០១៦ នាក់ ស្មើនឹង ៦៥.៦៥ ភាគរយ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។
ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន ១៧៥៣ នាក់ និទ្ទេស B មានចំនួន១៥៥២ នាក់ និទ្ទេស C ចំនួន ១១៦៣៤ នាក់ និទ្ទេស D ចំនួន ២៣៤៩៩ នាក់ និងនិទ្ទេស E ចំនួន២៩៩១៥នាក់។
បេក្ខជនជាប់និទ្ទេស A មានចំនួន ១៧៥៣ នាក់ នោះជាប់ច្រើនជាងគេនៅរាជធានីភ្នំពេញមានចំនួន ៥៦៥នាក់, សៀមរាប ១៥៣នាក់, កណ្តាល១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់ ,បន្ទាយមានជ័យ៩៩នាក់, តាកែវ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត៧៥នាក់,
ត្បូងឃ្មុំ៥៤នាក់, ក្រចេះ៤៥នាក់, កំពង់ធំ៤១ កំពង់ស្ពឺ៣៣, ពោធិ៍សាត់២៨នាក់, ស្វាយរៀង២៦នាក់, កំពង់ឆ្នាំង២២នាក់, ព្រះសីហនុ២០នាក់, រតនគីរី ៩នាក់, ស្ទឹងត្រែង៦នាក់, ប៉ៃលិន៦នាក់, ឧត្តរមានជ័យ៥នាក់, កោះកុង៤នាក់, ព្រះវិហារ៤នាក់, កែប៣នាក់និងមណ្ឌលគីរី១នាក់។
ចំពោះអ្នកជាប់និទ្ទេសCចំនួន ១១៦៣៤ នាក់ វិញ ក៏មានបេក្ខជន ហ៊ាម ជំនោ មកពីវិទ្យាល័យសម្ដេចឪ (សរ) ផងដែរ ហើយរូបគេបានបញ្ជាក់ពីមូលហេតុនៃការប្រឡងជាប់នេះ ថា ដោយសារពាក្យដាស់តឿនរបស់បង រំលឹកពីពាក្យសម្ដីរបស់ម្ដាយខ្លួនពេលនៅមានជីវិតនោះ។
បង្ហោះភ្ជាប់ជាមួយរូបខ្លួន ឈរនៅចំពោះមុខរូបថតម្ដាយ, យុវជន ហ៊ាម ជំនោ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Patty No បានរៀបរាប់យ៉ាងកម្សត់កាលពីពេលថ្មីៗនេះថា «ម្តាយខ្ញុំតែងតែនិយាយលេងមួយខ្ញុំថា បាច់យកAអីទេត្រឹមតែCម៉ែសប្បាយចិត្តណាស់ទៅហើយ ចុះម៉េចថ្ងៃដែលកូនជោគជ័យ ម៉េចគ្មានវត្តមានអ្នកម្តាយនៅក្បែរកូន កូនធ្វើបានហើយអ្នកម្តាយកូនអើយ»។
បន្ថែមលើនេះ យុវជនខាងលើ បានបញ្ជាក់ក្នុងខំមិនថា «ខ្ញុំមិនដែលសង្ឃឹមថា ខ្លួនឯងជាប់ទេ តែមកពីសម្តីបងខ្ញុំបានរលឹកថា ស៊ូពួកបងរៀនមិនខ្ពស់ដូចប្អូនមែន តែត្រូវចាំពាក្យម៉ែផ្តាំថា យកនិទ្ទេសណាដែលកូនធ្វើបានទៅព្រោះកូននឹងជោគជ័យម៉ែក៏បិទភ្នែកជិតដែរ»៕