ព្រះនាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិស្សរៈ នរោត្តម ចក្រពង្ស ត្រូវបានគេទទួលស្គាល់ថា ជាសែស្រឡាយរាជវង្សដែលមានសម្ផស្សស្រស់ស្អាតតាំងពីក្មេងវ័យ ពិសេសនោះ គឺមានទេពកោសល្យសិល្បៈពោរពាសគួរឲ្យស្ងប់ស្ងែង។
សមត្ថភាពសិល្បៈរបស់ព្រះនាងតូចដ៏គួរឲ្យស្រឡាញ់ គឺព្រះនាងអាចច្រៀងបានទាំងចម្រៀងសម័យ បុរាណ ថែមទាំងចេះដើរម៉ូដ និងរាំចង្វាក់ K-Pop ទៀតផង។ សមត្ថភាពយ៉ាងកម្រនេះ ព្រះនាង រមែងបង្ហាញនៅលើហ្វេសប៊ុក រួមទាំងយូធូបផ្ទាល់ ក៏ដូចតាមរយៈកញ្ចក់ទូរទស្សន៍ផងដែរ។
បន្ថែមលើនេះ ចំណុចៗសំខាន់របស់ព្រះនាងតូចមួយចំនួន ក៏ត្រូវបានគេហទំព័រក្នុងស្រុកមួយយកមកបង្ហាញផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ។ ចំណុចដ៏អស្ចារ្យទាំងនោះរួមមាន ១. គោរម្យងារផ្លូវការរបស់ព្រះនាងតូចគឺ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ភាសាផ្លូវការអន្តរជាតិ «Princess Jenna Norodom»
២. ត្រូវជាព្រះរាជនត្តា (ចៅស្រី) ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ជាព្រះស្ថាបនិកនៃមូនិធិមុទិតា និង ជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
៣. ទ្រង់មិនបានប្រសូតនៅស្រុកខ្មែរឡើយ។ ទ្រង់ប្រសូតនៅ ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ១១ ខែមិនា គ្រិស្តសករាជ ២០១១ ត្រូវនឹងឆ្នាំថោះ។ ៤. មានសែលោហិតខ្មែរកាត់បារាំង (បិតាជាជនជាតិបារាំង) ចំណែកឯមាតាគឺ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផារី។
៥. ព្រះនាងមករស់នៅដែនដីសុវណ្ណភូមិព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រួសារនា ឆ្នាំ ២០១៥ ក្នុងជន្មាយុ ៤ ព្រះវស្សា។ ៦. ក្នុងព្រះជន្ម ៥ ព្រះវស្សា ព្រះនាងអាចនិយាយបានដល់ទៅ ៥ ភាសា គឺ ភាសាខ្មែរជាភាសាដើម ភាសាបារាំង ចិន ថៃ និង ភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញ។
៧. ព្រះជន្ម ៦ ព្រះវស្សា ព្រះនាងតូចផ្តើមបទពិសោធជាតារាសម្តែងភាពយន្ត ច្រៀង និង រាំរបាំអប្សរាលើវិថីសិល្បៈ និង ឆាកមហោស្រពបានយ៉ាងគួរឱ្យស្ងើចសរសើរ។ ៨. ព្រះជន្ម ៨ ព្រះវស្សា ព្រះនាងតូចបានក្លាយជា ឯកអគ្គរាជទូតសុឆន្ទៈ Royal Brand របស់ Cellcard នៅថ្ងៃចម្រើនព្រះជន្មចូលវ័យ ៨ ព្រះវស្សា របស់ព្រះនាងតែម្តង។
៩. ព្រះជន្ម ៩ ព្រះវស្សា ព្រះនាងតូច នរោត្ដម ជេនណា បានចុះហត្ថលេខាជាផ្លូវការ ទទួលតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) មានការផ្សាយផ្ទាល់ តាមរយៈអ៊ិនធឺរណែតទូទាំងពិភពលោក។ ១០. ព្រះជន្ម ១០ ព្រះវស្សា សហព័ន្ធកីឡារាំកម្ពុជា តែងតាំង ព្រះនាងតូច ជេនណា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ។
១១. បច្ចុប្បន្នអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ឬ មហាជនស្គាល់ថា ព្រះនាងតូចជេនណា បានសម្រេចសមិទ្ធផលភាពយន្តភាគចំនួន ២ គួរជាទីកោតសរសើរ និង កំពុងផ្ទុះល្បីកក្រើក ទទួលការគាំទ្រដ៏ក្រាស់ក្រែលពីសំណាក់សាធារណជន គឺចំណងជើង «ទេពធីតាព្កុលមាស» និង «នគរមាស» ដែលចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ CTN។