តារាចម្រៀងហង្សមាស ពេជ្រ សោភា ត្រូវបានគេមើលឃើញថា កំពុងតែទទួលបានជោគជ័យលើការងារសិល្បៈ និងជាតារាស្រីមួយរូបដែលស្ថិតក្នុងចំណោមតារាចម្រើន ដែលរស់នៅប្រើជីវិតស្រណុកស្រួល មានទ្រព្យសម្បត្តិ លុយឡាន និងផ្ទះវីឡា ។
ការណ៍នេះ ពេជ្រ សោភា ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើនតាមសួរដេញដោល ជីកឬសជីកគល់ ចង់ដឹងពីមូលហេតុដែលនាំឱ្យនាងមានទ្រព្យសម្បត្តិចូលខ្ទង់លានដុល្លារ ទាំងដែលនៅខ្លួនមួយយ៉ាងដូច្នេះ ។
ទន្ទឹមគ្នានេះតារាស្រីវ័យកណ្ដាលរូបនេះក៏មិនទុកយូរឡើយ ពោលគឺ ពេជ្រ សោភា បានឆ្លើយតបយ៉ាងត្រជាក់ចិត្តទៅកាន់អ្នកទាំងនោះ ដោយនាងបានលើកឡើងថា ការណ៍ដែលគេមានរបស់ទាំងនេះគឺមិនងាយស្រួលនោះឡើយ ហើយទម្រាំតែនាងមានថ្ងៃនេះ គឺនាងខំខ្លាំងណាស់ ។
ពេជ្រ សោភា និយាយថា៖ «ខ្ញុំសុំឆ្លើយទៅប្អូនៗមួយចំនួនតូច ប្អូនសួរមកបងថា បងភា ធ្វើម៉េចទើបបានជីវិតរស់ស្រួលដូចបង មានលុយ មានឡានមានផ្ទះ ចម្លើយអូនអើយ អ្នកដែលគេមានរបស់ទាំងនេះមិនស្រួលទេហត់ណាស់ បងកូនអ្នកអំពៅតើអូន តែបងខំ ខំណាស់ទើបមានថ្ងៃនេះ» ។
គណៈកម្មការកម្មវិធីប្រឡងចម្រៀងលំដាប់ពិភលោក ពេជ្រ សោភា បានអះអាងទៀតថា បើយើងដេកមិនគិតមិនរក មិនស៊ូ មិនហត់ មិនអាចក្លាយជាម្ចាស់របស់ទាំងនោះទេ ។
គួរបញ្ជាក់ថា តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា បើទោះជាបច្ចុប្បន្នមានវ័យក្បែរ៤០ឆ្នាំហើយក្ដី តែនាងត្រូវបានគេដឹងថានៅមិនទាន់រកឃើញបុរសជាគូជីវិតបាស់លាស់ និងបង្ហាញមុខជាផ្លូវការឡើយ ។ ប៉ុន្តែបើទោះជាយ៉ាងណា ពេជ្រ សោភា គឺជាចម្រៀងសម័យមួយរូបដែលទទួលបានជោគជ័យលើអាជីពសិល្បៈ និងការងារ និងមានទ្រព្យសម្បត្តិ លុយកាក់មិនខ្វះចាយ ថែមទាំងប្រើរថយន្ដសេរីទំនើបៗ រស់នៅក្នុងវីឡាទៀតផង ៕