មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលនៅមុននេះតារា ស៊ិចស៊ីអ្នកនាង ឌុច លីដា បានបង្ហាញមុខស្វាមីជាសាធារណៈ និងជាលើកដំបូងនៅលើបណ្ដាញសង្គម បន្ទាប់ពីមានមន្ទិលសង្ស័យ និងលើកឡើងជាចម្ងល់រឿយៗថា នាងមិនដែលបង្ហាញមុខប្ដី ។
កន្លងមក ឌុច លីដា ធ្លាប់អះអាងដែរថា កាលដែលមិនចង់បង្ហាញមុខស្វាមីលើបណ្ដាញសង្គម គឺព្រោះតែនិស្ស័យមិនដូចគ្នា ទើបមិនដែលបង្ហាញមុខរួមគ្នា ។ លីដា បញ្ជាក់ថា ស្វាមីរបស់ខ្លួនជាមនុស្សមិនចូលចិត្តថតរូបបង្ហោះបែបរញ៉េរញ៉ៃឡើយ ។
យ៉ាងណាក្រោយមានមន្ទិលសង្ស័យ និងចម្ងល់ជាច្រើនពាក់ព័ន្ធនឹងវត្តមានរបស់ស្វាមី នៅមុននេះ ឌុច លីដា ក៏បានបង្ហាញមុខស្វាមីជាសាធារណៈនៅលើបណ្ដាញសង្គម ជាមួយនឹងកូនប្រុសរបស់នាង អមដោយសំណេរខ្លីយ៉ាងមានអត្ថន័យថា៖ «អ្នកណាថាខ្ញុំលាក់ប្តី? មិនលាក់ទេគ្រាន់តែមិនបានផុសតាស» ។
ជាមួយគ្នានោះ មហាជនសិល្បករសិល្បការិនីរួមអាជីបជាច្រើន ហាក់មានការចាប់អារម្មណ៍ និងបានបញ្ចេញមតិចំពោះការបង្ហោះដ៏ពិសេសមួយនេះ ។
សូមបញ្ជាក់ថា មុនស្ងប់ស្ងាត់ពីសិល្បៈ តារាសម្តែងស្រី ឌុច លីដា ត្រូវបានគេមើលឃើញថា ឡើងកូដខ្លាំងក្នុងពិភពសម្តែងភាពយន្តខ្នាតធំ ជាពិសេសនោះ នាងធ្លាប់ហ៊ានថតឈុត ដែលតារាមួយចំនួនមិនហ៊ានថតទៀតផង ។ ជាក់ស្ដែងក្នុងតំណែងតួឯកស្រីភាពយន្តខ្នាតធំបំផុតរបស់ខ្មែរ គឺរឿង «ស្បែកគង់» និងក្រោយមកល្បីមួយប៉្រាវទៀតជាមួយការសម្តែងលែងរាងកាយក្នុងកុនដុំក្រោយគឺរឿង «នារីវេទមន្ត» ។
ក្រោយមកតារាសម្តែងស្រីមានរាងតូចច្រឡឹង ចង្កេះអង្ក្រងសម្បូរមន្តស្នេហ៍ ឌុច លីដា ក៏បានរយាលពីសិល្បៈ ហើយស្រាប់តែនាងបង្ហាញមុខកូនដ៏គួរឲ្យស្រឡាញ់ លើកលែងតែស្វាមី ដែលនាងត្រូវរក្សាឯកជនភាពគោរពតាមនិស្ស័យចំណង់ចំណូលចិត្ត ៕