តារាពហុជំនាញអ្នកនាង ខាត់ សុឃីម នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីម្ដាយបង្កើតរបស់អ្នកនាងបានជាប់ឈ្មោះទៅរស់នៅសហរដ្ឋអាមេរិក ។
ដោយជាមួយវីដេអូនខ្លី ដែលមានការរាំច្រៀងអមដោយភ្លេងឆៃយ៉ាំចាំទទួលនៅមុខផ្ទះយ៉ាងគគ្រឹកគគ្រេងនោះ ខាត់ សុឃីម បានភ្ជាប់សំណេរខ្លីមួយឱ្យដឹងដូច្នេះថា៖ «ម៉ែ ប្រឡងជាប់ទៅ USA ហើយ យេ» ។ ដូចគ្នាដែលប្អូនស្រីរបស់អ្នកនាងក៏បង្ហាញអារម្មណ៍រំភើបដែរថា៖ «អបអរសាទរអ្នកម្ដាយសម្ភាសជាប់ទៅរស់នៅ USA ហើយ ជូនពរអ្នកម្ដាយមានសុខភាពល្អណា My love» ។
ទន្ទឹមនឹងជាមួយនោះដែរ អ្នកនាង ខាត់ សុឃីម ក៏បានប្រាប់ឱ្យតារាញូស៍ដឹងទៀតថា ម្ដាយរបស់អ្នកនាងនឹងត្រូវឡើងយន្ដហោះនៅកំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីប្អូនស្រីទី៥ ខាត់ ស្រីវង ឡើងមកទទួលនៅកម្ពុជា ។ ហើយការណ៍នេះធ្វើអ្នកនាងរំភើបជាខ្លាំង ។
ដោយអ្នកនាង ខាត់ សុឃីម បាននិយាយថា៖ «និយាយរួមទៅ ខ្ញុំមិនត្រឹមតែធ្លាប់ទៅអាមេរិកទេ ខ្ញុំធ្លាប់ទៅស្ទើរគ្រប់ប្រទេសទាំងអស់ ខ្ញុំសម្ភាសន៍ច្រើនដងច្រើនសារ តែនៅព្រឹកមិញខ្ញុំរំភើបខ្លាំងរហូតដល់ថ្នាក់ចង់ខ្យល់ចាប់ និយាយមែន!» ។
កូនស្រីច្បងក្នុងត្រកូល ខាត់ រូបនេះ បានអះអាងទៀតថា មូលហេតុដែលម្ដាយរបស់ខ្លួនសម្រេចទៅរស់នៅអាមេរិក ដោយសារតែចៅ ព្រោះគាត់ស្រលាញ់កូន និងចៅរស់នៅទីនោះ ។ ហើយអ្នកនាងក៏មិនចង់ឱ្យម្ដាយខុសម្ដងទៀតដែរ ព្រោះកាលឪពុកខុសម្ដងរួចមកហើយ ហើយម្ដាយក៏ចាស់ទើបចង់បានបំពេញបំណង ។
ខាត់ សុឃីម និយាយថា៖ «មូលហេតុតែមួយទេ គឺគាត់ស្រលាញ់កូនស្រីគាត់ខ្លាំងណាស់ កូនស្រីគាត់នៅអាមេរិកហ្នឹង ហើយគាត់ចង់ទៅនៅអាមេរិកដោយសារតែចៅទេ គាត់ស្រលាញ់កូន ស្រលាញ់ចៅ ។ អញ្ចឹងហើយខ្ញុំខ្លាចម៉ែខ្ញុំដូចថា! និយាយមួយម៉ាត់ទៅ ឪពុកខ្ញុំខុសមួយហើយ អញ្ចឹងយើងឃើញម៉ែចាស់ហើយ អញ្ចឹងខ្ញុំចង់ឱ្យម្ដាយខ្ញុំគាត់បានបំពេញបំណងគាត់» ៕
ប្រភពពីតារាញូស៍