ពិតជារឿងមួយដែលគួរឱ្យរន្ធត់ និងសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់លោក ម៉ុន សារិ ដែលជាធនធានមនុស្សដ៏កម្រ និងជំនាញផ្នែករៀបចំតុបតែងឆាកភាពយន្ដដ៏ចំណានម្នាក់ ដែលត្រូវជួបនូវរឿងអកុសលរបូតសង្ខារដោយសារតែជំងឺកាចសាហាវមួយនេះ ។
តាមការបញ្ជាក់ពីទំព័រហ្វេសប៊ុក Amazing Cambodia បានឱ្យដឹងកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា លោកពូ សារិ (SarikMon) គឺជាធនធានមនុស្សជំនាញរៀបចំតុបតែងឆាកភាពយន្តដ៏ចំណានម្នាក់ ដែលផលិតករភាពយន្ត និង តួសម្តែងជាច្រើនដែលធ្លាប់ប្រឡូកការងារជាមួយគាត់ ។ ហើយការបាត់បង់រូបលោកនេះផងដែរ បានធ្វើឱ្យផលិតករ និងសិល្បករសម្ដែងជាច្រើនបានសម្ដែងការសោកស្ដាយជាខ្លាំង ។
ជាមួយគ្នានេះដែរ លោក យឹម តាស្រង់ ផលិតករ និងអ្នកគ្រប់ផលិតកម្ម Galaxy Navatra ក៏បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខជាមួយនឹងថវិកា១លានរៀន និងបញ្ជាក់ឱ្យដឹងថា លោក មុន សារិ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ ។
លោក យឹម តាស្រង់ បានសរសេរថា៖ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកពូផង នឹងសូមចូលរួមបុណ្យសព១លានរៀល (លោកពូសារិធ្វើការងារផ្នែកភាពយន្ត ទទួលមរណភាពដោយសារជំងឺកូវីដ១៩)» ។
គួររំលឹកថា លោក សារិ ជាអតីតតួសម្ដែងក្នុងរឿង ក្លាហាន៩ ដែលធ្លាប់ដើរតួជាពិធីករប្រុសល្បីឈ្មោះ វី យ៉ារ៉ូ តារាសម្ដែង ឌី សូនីតា បវរកញ្ញាចក្រវាលឆ្នាំ២០២០ រ៉េត សារីតា និងសិល្បករសិល្បការិនីផ្សេងទៀត ។ ក្រៅពីការសម្ដែង លោកសារិ ក៏ជាអ្នកធ្វើការរៀបចំតុបតែងឆាកថតក្នុងវិស័យភាពយន្ដខ្មែរមួយរូបផងដែរ ៕ប្រភពពីតារាញូស៍