ប្រិយមិត្ត ពុកម៉ែ បងប្អូន បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាសហគមន៍ជនជាតិដើមភាគតិច ពូនង១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី បានដាក់ពាក្យប្តឹងលោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ហើយ ក្រោយពីលោកស្រី បាននិយាយប៉ះពាល់ដល់ពួកគេនោះ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ក្នុងកម្មវត្ថុថា សុំប្ដឹងឈ្មោះទ្រី ដាណា (Dana Try) ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ? ផ្លូវជាតិលេខ៥ ក្បែរស្ពានលីយ៉ុងផាត់ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទ ជេរប្រមាថមាក់ងាយជាសាធារណៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកផេកឈ្មោះទ្រី ដាណា Dana Tryត្រង់ចំណុចវីដេអូឡាយ ៣០.២៤ដល់២៦។
យោងតាមពាក្យបណ្ដឹងដដែលនេះ ឃើញថា លោកស្រី បានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិច ពូនង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ដោយថា បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរួមនឹងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។
នៅក្នុងពាក្យបណ្ដឹងនោះ បានបញ្ជាក់ទៀតថា ដើម្បីលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមានតាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរសម្រាប់ជនជាតិដើមភាគតិច ដែលពួកគេមិនបានប៉ះពាល់អ្វីទាល់សោះនោះ, ពួកគេ ក៏សម្រេច ទី១, សុំឲ្យសុំទោសដល់ជនជាតិដើមភាគតិចព្នង ជាសាធារណៈ។ ទី២, សុំឲ្យបង់ប្រាក់ពិន័យចំនួន១០លានរៀល។ ទី៣, សុំឲ្យសងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ។
ក្រោយពីរងនូវបណ្ដឹងនេះ ចំនួន៣ថ្ងៃរួចមក ទីបំផុត នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ អ្នកស្រី ទ្រី ដាណា ថៅកែ ហាងពេជ្រចិត្តធម៌ បានចេញមុខឆ្លើយតបហើយ ជាមួយនឹងការសុំទោសជនជាតិព្នងផងដែរ ដោយអ្នកស្រី លើកហេតុផលថា នេះជាកំហុសអចេតនាប៉ុណ្ណោះ។
អ្នកស្រី បានបង្ហោះរូបថតខ្លួន១សន្លឹកស្ថិតក្នុងសម្លៀកបំពាក់ជនជាតិព្នង ហើយរៀបរាប់ដូច្នេះថា «ខ្ញុំទើបទំនេរដៃ បានមើល និងយល់ពីរឿងនេះ! ខ្ញុំមិនធ្លាប់មើល.ងាយអ្នកណា ជាតិសាសន៍ណាទេ មានតែការគោរពស្រលាញ់ និងផ្ដល់ស្នាមញញឹមជូនពួកគាត់ ប៉ុន្តែការនិយាយពេលខឹង តែងមានលើសលស់ ឬកំហុសមួយពេល ដោយសារពេលនោះនាងខ្ញុំមិនបាននិយាយសំដៅលើពួកគាត់ទេ គឺសំដៅលើអតីតប្ដីនាងខ្ញុំប៉ុណ្ណោះ ដោយសារខឹងពេក
នាងខ្ញុំសុំទោស ចំពោះការប្រើពាក្យព្នងចុងស្រុក តែការនិយាយនោះ មិនមានចេតនា ប្រមា.ថមើលងាយលើបងប្អូនជនជាតិពូនងទេ។ នាងខ្ញុំគោរពស្រលាញ់ ចូលចិត្តវប្បធម៌បងប្អូនជនជាតិដើមភាគតិច។ ខ្ញុំស្រលាញ់ទឹកដីមណ្ឌលគិរី ហើយថែមទាំងទិញដីសង់ផ្ទះនៅទីនោះឆាប់ៗផង (កំពុងសង់)
បងប្អូនសាកចូលមើលក្នុងផេកនាងខ្ញុំបន្តិចទៅមើល នាងខ្ញុំធ្វើបុណ្យ មិនដែលរើស.អើងជាតិសាសន៍ ឬអ្នកណា មកពីណានោះទេ។ នាងខ្ញុំសូមសំណូមពរ កុំអោយមានការរើសអើ.សជាតិសាសន៍ ជាពិសេសគោរពស្រលាញ់ជនរួមជាតិ លើទឹកដីខ្មែរតែមួយ។
នាងខ្ញុំសុំទោសផង មួយរយៈនេះ រវល់ខ្លាំង ទើបមិនបានតាមដានរឿងនេះ តែឥឡូវយល់ពីទឹកចិត្តរបស់បងប្អូនជនជាតិពូនងហើយ គាត់គ្រាន់តែចង់អោយឈប់ប្រើពាក្យមិនល្អទៀតប៉ុណ្ណោះ ស្រលាញ់បងប្អូនជនជាតិពូនង និងបងប្អូនជនជាតិដើមភាគតិចទាំងអស់គ្នាណាស់ ណព្វចិត្តអើយ ហើយចាំទទួលផង តិចទៀត ផ្ទះនៅមណ្ឌលគិរីធ្វើរួច ចែដាណាទៅនៅនោះដែរហើយ សុំសាកម្ហូបឆ្ងាញ់ៗផង»៕