កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា ប្រជាសហគមន៍ជនជាតិដើមភាគតិច ពូនង១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី បានដាក់ពាក្យប្តឹងលោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ទារសំណងជំងឺចិត្តរហូតដល់ទៅ២០ម៉ឺនដុល្លារនោ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ក្នុងកម្មវវត្ថុថា សុំប្ដឹងឈ្មោះទ្រី ដាណា (Dana Try) ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ? ផ្លូវជាតិលេខ៥ ក្បែរស្ពានលីយ៉ុងផាត់ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទ ជេរប្រមាថមាក់ងាយជាសាធារណៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកផេកឈ្មោះទ្រី ដាណា Dana Tryត្រង់ចំណុចវីដេអូឡាយ ៣០.២៤ដល់២៦។
យោងតាមពាក្យបណ្ដឹងដដែលនេះ ឃើញថា លោកស្រី បានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិច ពូនង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ដោយថា បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរួមនឹងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។
នៅក្នុងពាក្យបណ្ដឹងនោះ បានបញ្ជាក់ទៀតថា ដើម្បីលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមានតាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរសម្រាប់ជនជាតិដើមភាគតិច ដែលពួកគេមិនបានប៉ះពាល់អ្វីទាល់សោះនោះ, ពួកគេ ក៏សម្រេចដូចខាងក្រោម៖
១, សុំឲ្យសុំទោសដល់ជនជាតិដើមភាគតិចព្នង ជាសាធារណៈ។ ២, សុំឲ្យបង់ប្រាក់ពិន័យចំនួន១០លានរៀល។ ៣, សុំឲ្យសងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ។
ក្រោយពីរងបណ្ដឹងបែបនេះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ អ្នកស្រី ទ្រី ដាណា បានលើកឡើងថា «រហូតមកដល់នាទីនេះ ខ្ញុំធ្វើដំណើរស្ទើរគ្រប់កន្លែង មិនថាដល់ព្រៃជ្រៅ ឆ្លងទឹក ក៏ព្រោះចង់ជួប ចង់ដឹង ចង់ជួយ ខ្ញុំមិនខ្វល់ថាពួកគាត់ជាអ្នកណា ជាជនជាតិអ្វី ធ្លាប់ស្គាល់ខ្ញុំឬអត់ ហើយក៏មិនគិតថាបានអ្វីតបស្នងមកវិញ ព្រោះហេតុផលតែម្យ៉ាង គឺខ្ញុំបានជួយ ខ្ញុំសប្បាយចិត្ត ខ្ញុំមានក្ដីសុខ ខ្ញុំចង់ជួយទាំងអស់ ឱ្យតែមានពេលវេលា តែមិនអាចបំបែកខ្លួនបាន។
ធ្លាប់មានអ្នកសុំឱ្យខ្ញុំជួយបងប្អូនជនជាតិដើមភាគតិចខាងមណ្ឌលគិរីច្រើន ហើយខ្ញុំក៏ធ្លាប់ផ្ញើជំនួយទៅជួយច្រើនដែរ។ តែពេលវេលាមិនអំណោយផលសោះ ខ្ញុំក៏ត្រូវគិតរឿងរកស៊ីខ្លះដើម្បីមានចំណូលទប់ទល់ ព្រោះលុយមិនងាយស្រួលរកមកទេ
អ្នកស្រី បានបន្ត អមដោយស្ទីកឃ័របង្ហូរទឹកភ្នែកថា «នាងខ្ញុំសុំទោស បើមិនទាន់បានជួយបងប្អូនដែលនៅឆ្ងាយៗ តែនាងខ្ញុំនឹងបន្តធ្វើរហូត អ្វីដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃ គឺបំពេញក្ដីសុខដល់អ្នកដទៃ ធ្វើឱ្យអ្នកដទៃមានស្នាមញញឹម ព្រោះពេលនោះខ្ញុំក៏ទទួលបាននូវអារម្មណ៍ដូចគ្នា។ អ្នកធ្លាប់ធ្វើ ប្រាកដជាយល់អារម្មណ៍នេះ យល់ថាវារីករាយ សប្បាយចិត្ត មានក្ដីសុខប៉ុណ្ណា។ លុយពិបាករកណាស់ ប៉ុន្តែបើយើងយកមកទិញក្ដីសុខ ក៏វាមានតម្លៃដូចគ្នា»។
ងាកមកលោក ផែង វណ្ណៈ នៅយប់ថ្ងៃទី៤ ខែមករា បានបង្ហាញទស្សនៈរបស់ខ្លួន ផ្ដើមដោយពាក្យដកដង្ហើមធំថា «ហ៊ឹម ឈ្លោះគ្នាប្ដីប្រពន្ធខ្លួនឯងសោះ មកដៀលដល់ បងប្អូន ជនជាតិភាគតិចព្នងដែលមិនដឹងអីសោះទៅវិញ ។ តាមពិតទៅបងប្អូនជនជាតិភាគតិចព្នង ក៏ដូចជនជាតិភាគតិចដទៃទៀតល្អៗណាស់
ខ្ញុំទៅមកណ្ឌលគីរីមួយរយៈនេះ ពួកគាត់រាក់ទាក់និងសច្ចៈទៀងត្រង់ណាស់។ ដូច្នេះ សូមកុំចាត់ទុកបងប្អូនជនជាតិភាគតិច ជាមនុស្សមិនល្អអោយសោះ បើនិយាយជ្រុលជ្រួសលើសពាក្យសំដីខុសឆ្គងដោយអចេតនាគួរសុំទោសបងប្អូនជនជាតិភាគតិចទៅជាការល្អ។ ( រូបថតជាមួយបងប្អូនជនជាតិភាគតិចដែលរងគ្រោះដោយបញ្ហាដីធ្លីនៅខេត្ត មណ្ឌលគីរីកន្លងមក )»។
ចំណែក អ្នកស្រី ទ្រី ដាណា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ អ្នកស្រី បានបង្ហោះរូបថត១សន្លឹកស្ថិតក្នុងទឹកមុខញញឹមញញែម ហើយអរគុណអ្នកធ្វើបាបខ្លួនថា «អរគុណអ្នក ដែលព្យាយាមធ្វើបាបខ្ញុំ ធ្វើអោយខ្ញុំកាន់តែរឹងមាំ ក៏ធ្វើអោយខ្ញុំស្គាល់កាន់តែច្បាស់ ជឿលើអំពើល្អ ទេវតាមើលឃើញ អាក្រក់មិនឈ្នះល្អទេ។ ខ្ញុំញញឹមទទួលជានិច្ច ហើយក៏អរគុណ ដែលធ្វើអោយខ្ញុំកាន់តែរីកចម្រើនគ្រប់អាជីវកម្ម»៕