កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោកគ្រូ អួន សារ៉ាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយដោយសារជំងឺរលាកសួតធ្វើទុក្ខខ្លាំង គ្រូពេទ្យ ក៏សម្រេចព្យាបាលដំណាក់កាលចុងក្រោយ។
ក្រោយសម្រាកព្យាបាលបានមួយរយៈ ពោលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ភរិយាលោកគ្រូ អួន សារ៉ាត់ បានរៀបរាប់ទាំងទឹកភ្នែកថា ស្វាមីរបស់ខ្លួន ដកដង្ហើមដោយម៉ាស៊ីនអុកស៊ីសែន មិនមែនដកដង្ហើមបានដោយខ្លួនឯងទេ។
ដោយឡែកនៅថ្ងៃទី២ នៃការព្យាបាលធូរបន្តិច គ្រូពេទ្យ ក៏បានបន្ថយអុកស៊ីសែន ពី១០០% មកត្រឹម ៦០% ពោលគឺគាត់អាចដកដង្ហើមបានដោយខ្លួនឯង ៤០%។ ប៉ុន្តែនៅថ្ងៃទី៣ គ្រូពេទ្យក៏ប្រើអុកស៊ីសែនឡើង ៧០% ដោយសារជំងឺលោក អូន សារ៉ាត់ មានសភាពធ្ងន់បន្តិចវិញ។
គ្រូពេទ្យបញ្ជាក់ប្រាប់ភរិយាលោកគ្រូ អួន សារ៉ាត់ថា ជំងឺរបស់ស្វាមីអ្នកស្រី ប្រើពេលយ៉ាងហោចរយៈពេលពីរសប្តាហ៍ ដើម្បីព្យាលបាល។ លោក អួន សារ៉ាត់ មានជំងឺប្រចាំកាយរលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដង្ហើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។
ងាកមកអ្នកស្គាល់លោកគ្រូវិញ ក្រោយពីដឹងដំណឹងពីអាការដ៏ធ្ងន់ធ្ងរនៃស្ថានភាពជំងឺរបស់លោកគ្រូរួចមក ពួកគេក៏ បានជួយគាំទ្រឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដើម្បីព្យាបាលជំងឺ។ ជាការឆ្លើយតប ភរិយាលោកគ្រូ ក៏បានសម្តែងការអរគុណផងដែរ។
ដោយឡែកនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ ស្ថានភាពជំងឺលោកគ្រូ នៅតែធ្ងន់ធ្ងរនៅឡើយ ហើយដោយខ្វះខាតថវិកា ភរិយាលោកគ្រូ ក៏សម្រេចឡាយវីដេអូម្ដងទៀត រួចប្រកាសថា «លក់ផ្ទះឡាយឡុងបន្ទាន់ ព្យាបាលលោកគ្រូអួន សារ៉ាត់ពេលនេះលោកគ្រូអួន សារ៉ាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅមានឱកាសព្យាបាលគាត់តែ៥ថ្ងៃទៀតទេ។
ឥឡូវនេះនាងខ្ញុំខ្វះខាតលុយយកគាត់ទៅព្យាបាលនៅក្រៅប្រទេស។ បងប្អូនជួយទិញផ្ទះនាងខ្ញុំផង នាងខ្ញុំលក់ឡាយឡុង ដើម្បីយកប្រាក់មកព្យាបាលគាត់អោយទាន់ពេល។ យើងមិនអាចបាត់បង់គាត់បានទេ ព្រោះគាត់ជាធនធានដ៏កម្រ ជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។ គាត់បានផ្តល់ចំណេះដឹងល្អៗ ផ្នត់គំនិតល្អៗជាច្រើនដល់សង្គម»។
គួរបញ្ជាក់ថា លោក អ៊ួន សារ៉ាត់ ស្ថាបនិកយូខេនវីនគ្រុប បានឆ្លងកូវីដ-១៩ ដំណាក់កាលធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លោក អួន សារ៉ាត់ គឺជាអ្នកនិពន្ធសៀវភៅ និងជាគ្រូបង្រៀនទ្រឹស្តីជោគជ័យ តាមប្រព័ន្ធអនឡាញ ផងដែរ។
លោក អួន សារ៉ាត់ កើតនៅឆ្នាំ១៩៨៣ នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖