ជាការកត់សម្គាល់, អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ត្រូវបានមហាជនមើលឃើញថា ជាស្ត្រីម្នាក់ ដ៏រឹងមាំ តែងតែចែករំលែកស្នាមញញឹម ភាពសប្បាយរីករាយទៅកាន់អ្នកគាំទ្ររបស់ខ្លួននោះ។
ទោះយ៉ាងណា មួយរយៈចុងក្រោយនេះ ស្ត្រីដ៏រឹងមាំខាងលើ បែរជាមានភាពឈឺចាប់ លាក់ទុកនៅពីក្រោយស្នាមញញឹមនេះទៅវិញ រហូតដល់ទ្រាំលែងក៏ទម្លាយចេញមក ទាំងទឺកភ្នែក ធ្វើឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះកម្រឃើញអ្នកស្រី បង្ហូរទឹកភ្នែកខ្លាំងណាស់។
ការបង្ហូរទឹកភ្នែករបស់អ្នកស្រី ធ្វើឡើងតាមរយៈការឡាយវីដេអូ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ដោយទម្លាយរឿងឈឺចាប់ជាច្រើន ដែលពូម៉ៅ វាយដំ ជ្រាំធាក់ អ្នកស្រី ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត នាពេលរស់នៅជាមួយគ្នានោះ។
ក្រោយពីទម្លាយភាពឈឺចាប់នៅពីក្រោយស្នាមញញឹមរបស់ខ្លួនជាបន្តបន្ទាប់ហើយនៅ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី បានបង្ហោះរូបថតជាមួយកូនស្រីច្បងមួយសន្លឹក ហើយធ្វើការរៀបរាប់ និងដាស់តឿនកូនស្រីកុំឲ្យរឹងមាំដូចខ្លួនពេក, ខឹងប្រឹងរៀនសូត្រ, ត្រូវមានគុណធម៌, ស្មោះត្រង់ជាដើម។
អ្នកស្រី បានរៀបរាប់ដូច្នេះថា «កូនស្រីម៉ាក់ ម៉ាក់តែងបង្រៀនកូន ប្រាប់កូន ថា ត្រូវធ្វើជាមនុស្សស្រីរឹងមាំ តែមិនឱ្យរឹងមាំខ្លាំងដូចម៉ាក់ពេកទេ ព្រោះវាឈឺចាប់ណាស់ លាក់ទុកគ្រប់បែបយ៉ាងម្នាក់ឯង ញញឹមម្នាក់ឯង ចែករំលែកតែការសប្បាយរីករាយ មិនដែលបង្ហាញភាពឈឺចាប់ រហូតគេយល់ច្រឡំថា សម្ដែង រហូតគេចាញ់បោកមនុស្សដែលពូកែដើរតួស្លូត តែក្រោយខ្នងវិញ ផឹកស៊ីស្រវឹង ប្រើសម្ដីធ្ងន់ ប្រើហិ,ង្សាគួរឱ្យខ្លាច។
កូនត្រូវចាំថា ខំប្រឹងរៀនសូត្រ បំពេញតួនាទីខ្លួនឯងឱ្យបានល្អ មានគុណធម៌ ស្មោះត្រង់ជានិច្ច បើគេមិនផ្ដល់តម្លៃ ត្រូវចាកចេញ។ បើមានរឿងអីត្រូវប្រាប់ម៉ាក់ កុំលាក់ទុក្ខម្នាក់ឯង ព្រោះធ្លាប់ជួប ដឹងថាវាឈឺចាប់យ៉ាងណា។
ពេលនេះ បារម្ភ គិតខ្លាចគ្រប់បែបយ៉ាង មានកូនស្រីប្រៀបដូចកែវភ្នែក ខ្លាចគេធ្វើបាបបែបនេះ វាឈឺចាប់ផ្លូវចិត្ត ជាងផ្លូវកាយពាន់ម៉ឺនដង រឿងកិត្តិយស សីលធម៌ ធ្វើឱ្យមនុស្សស្រីខុសគ្រប់បែបយ៉ាង ខ្លាចខុសរហូតលែងហ៊ានបង្ហាញដល់សង្គម ព្រោះខ្លាចគេថាទន់ជ្រាយ ខ្លាចបាត់បង់ ខ្លាចខ្វះភាពកក់ក្ដៅ ហេតុអីអយុត្តិធម៌បែបនេះ។
សូមមនុស្សប្រុស ចេះអាណិតប្រពន្ធកូនផង ចេះនឹកឃើញកាលស្រលាញ់ដំបូងផង បើគេព្រមចាកចេញស្រួល យើងលែងមានសំពាធទៀតហើយ ម៉ាក់អាចមានសមត្ថភាពមើលថែកូនទាំងអស់បាន។ យើងមានសមាជិកប៉ុណ្ណឹង អាចសប្បាយជាមួយគ្នាបាន កូនៗជាក្ដីសង្ឃឹមរបស់ម៉ាក់ ម៉ាក់នឹងរឹងមាំ ខំប្រឹងរកស៊ី ដើម្បីកូនៗ។ ម៉ាក់សន្យាមិនធ្វើឱ្យកូនស្រីអភ័ព្វដូចម៉ាក់ទេ»៕