លោកអ្នក បានជ្រាបរួចមកហើយថា កាលពីអំឡុងឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា និងអ្នកស្រី ទ្រី សុផានិត ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ធ្លាប់មានជម្លោះជាមួយគ្នាយ៉ាងក្ដៅគគុក រហូតដល់មានការប្ដឹងផ្ដល់ឡើងតុលាការទៀតផង។
នៅពេលនោះ អ្នកស្រី ទ្រី ដាណា បានប្ដឹងអ្នកស្រី ទ្រី សុផានិត ជាបងបង្កើត ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។
ក្រោយមក សមត្ថកិច្ចក៏បាន ឃាត់ខ្លួនអ្នកស្រី ទ្រី សុផានិត តាមដីកាបង្គាប់ឲ្យនាំខ្លួន ហើយពេលបញ្ជូនទៅតុលាការនោះ ស្រាប់តែអ្នកស្រី ទ្រី សុផានិត ដួលសន្លប់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ពេលអាការៈរាងធូរនោះ អ្នកស្រីទ្រី សុផានិត ក៏បានដឹងកំហុស លើកដៃសំពះ យំរៀបរាប់ទាំងទឹកភ្នែក សុំទោសប្អូនស្រីរបស់ខ្លួន ឈ្មោះទ្រី ដាណា តាមរយៈការឡាយ លើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយមក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ពេលអាការៈជំងឺរបស់ខ្លួន កាន់តែធូរស្រាលទៀតនោះ អ្នកស្រី ទ្រី សុផានិត ក៏បានឡាយវីដេអូជាលើកទី២ លើកដៃសំពេះប្អូនស្រីរបស់ខ្លួន លើកលែងទោសឲ្យចំពោះទង្វើកន្លងមក ដោយបញ្ជាក់ថា ជាការសុំទោសចេញពីចិត្ត។ ក្នុងករណីប្អូនស្រីមិនពេញចិត្តនោះ ចំពោះការសុំទោសជាសាធារណៈនេះទៀត ខ្លួននឹង ធ្វើលិខិតសុំទោសជាផ្លូវការមួយទៀត ឱ្យតែប្អូនយល់ព្រមអភ័យទោស និងដកពាក្យបណ្ដឹង។
រឿងរ៉ាវខាងលើនេះ បានស្ងាត់ជ្រាបតាំងពីពេលនោះមក រហូតមកដល់ពេលនេះ ទំនងជាបានបញ្ចប់ទៅហើយ ដោយសារជាសាច់ឈាមនឹងគ្នានោះ។ ជាក់ស្ដែង កន្លងមក អ្នកស្រី ទ្រី ដាណា ក៏ធ្លាប់បានបញ្ជាក់ដែរថា បើបងស្រីខ្លួនសុំទោសជាសាធារណៈនោះ ខ្លួននឹងលើកលែងទោសឲ្យ តែអ្នកដទៃ ដែលជ្រៀតជ្រែករឿងនេះប្រញាប់ដកខ្លួនចេញ គ្រួសារខ្លួន ខ្លួនអាចលើកលែងទោសឲ្យ អ្នកដទៃចេះដឹងរឿងនេះ ខ្លួននឹងមិនលើកលែងឲ្យនោះទេ។
ដោយឡែក នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ ទម្លាយរឿងគ្រួសារទាំងទឹកភ្នែកពាក់ព័ន្ធទង្វើពូម៉ៅ ធ្វើបាប អ្នកស្រីកន្លងមក។ ពេលឃើញប្អូនស្រី ជួបរឿងបែបនេះ អ្នកស្រី ទ្រី សុផានិត ដែលធ្លាប់មានជម្លោះជាមួយគ្នា, ទោះមិនអាចជួយអ្វីបាន ក៏បានបង្ហោះសារលើកទឹកចិត្តពីចម្ងាយផងដែរ។
អ្នកស្រី បានបង្ហោះសាររៀបរាប់យ៉ាងក្ដុកក្ដួលថា «ជីវិតគ្រួសារតែងជួបបញ្ហា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ទោះបីបងស្រីគ្មានសមត្ថភាពជួយអ្វីប្អូនស្រីបាន តែបងសុំឈផ្ដល់កម្លាំងចិត្តពីចម្ងាយ ស៊ូៗប្អូនស្រីរឿងកន្លងមកធ្វើអោយបងស្រីមានវិប្បដិសារី ឈាមខាប់ជាងទឹក តែអ្វី ដែលហួសជាមេរៀន 🥲សង្ឃឹមថាថ្ងៃណាមួយពួកយើងនឹង………»។
តាមរយៈនេះ ការបង្ហោះសារខាងលើនេះ មានការចាប់អារម្មណ៍ពីមហាជនខ្លាំងណាស់ ដោយពួកគេចូលបញ្ចេញមតិព្រោងព្រាត ហើយជាការឆ្លើយតប អ្នកស្រី ទ្រី សុផានិត បានរៀបរាប់ទាំងអួលដើម.កថា «សូមអរគុណដល់បងប្អូនទាំងអស់គ្នាណាស់ ដែលចូលមកខំមិន គ្រាន់តែខ្ញុំអាន ខំមិនបងប្អូនរួចហើយទឹកភ្នែកខ្ញុំហូរមកមិនឈប់សោះ ពេលដែលឮដឹងរឿងបែបនេះចិត្តខ្ញុំនៅមិនសុខទឹកភ្នែកខ្ញុំចេះតែហូរអារម្មណ៍បែបនេះពិបាកទ្រាំពេកហើយ»។
ដោយមិនអស់ចិត្ត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី សុផានិត បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកទៀតថា «ជីវិត ដែលជាកូនកំព្រា ពេលពិបាកចិត្តគ្មានម្ដាយឪពុកនៅក្បែរ មិនបានឱបម្ដាយយំដើម្បីឲ្យធូរចិត្ត បងស្រីដឹងច្បាស់ ព្រោះពេលបងស្រីពិបាកចិត្តមិនដឹងនិយាយបញ្ចេញអារម្មណ៍ និងយំប្រាប់អ្នកណា អារម្មណ៍មួយនេះ វាពិបាកណាស់ តាំងពីម្សិលមិញមកទល់ពេលនេះ បងស្រីដេកមិនលក់គិតតែប្អូន គ្រាន់តែចង់ប្រាប់ប្អូនស្រីថា នៅមានបងស្រីម្នាក់នេះណា ស្រលាញ់ប្អូនៗ»។
គួរបញ្ជាក់ថា អ្នកស្រី ទ្រី ដាណា និង អ្នកស្រី ទ្រី សុផានិត ទោះកន្លងមកមានជម្លោះជាមួយគ្នាបែបណាក៏ដោយ ក៏ចុងក្រោយពួកគេមិនអាចចោលសាច់ញាមបានដែរ ដោយពេលមានរឿង នៅតែបារម្ភចំពោះគ្នាដដែល ខណៈឪពុកម្ដាយពួកគេ បានលាចាកលោកអស់ទៅហើយនោះ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖