ករណី លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវចោរចូលប្លន់យកគ្រឿងអលង្ការកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូនោះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដោយសារព័ត៌មានបឋមថា ប្លន់យកលុយ និងគ្រឿងអលង្ការ គិតជាទឹកប្រាក់អស់ជិត១០លានដុល្លារនោះ។
ទោះយ៉ាងណា ព័ត៌មានបឋម ដែលចុះផ្សាយព្រោងព្រាតនេះ ត្រូវបានស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបដិសេធ ដោយបញ្ជាក់នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ថា តាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ។
ក្រោយមកនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺ ជុំវិញទ្រព្យសម្បត្តិនេះថា «បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិ ដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រ ដែលគាត់តែងតែទិញយកមកប្រើប្រាស់ តាមចម្លើយរបស់ជនរងគ្រោះសម្ភារៈ ដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ ចំនួន៣ខ្សែ និងគ្រឿង អលង្ការ (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក្កយបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លារអាមេរិក និងទូរស័ព្ទដៃម៉ាក I phone ចំនួន ២គ្រឿងផងដែរ។
ក្រោយមក នៅពេលចាប់បាន ហើយមុនពេលបញ្ជូនទៅតុលាការនោះ អាវុធហត្ថ បានបង្ហោះវីដេអូពីចម្លើយសារភាពរបស់ William Guang ក្នុងនោះលោកវិល្លាម បានសារភាពថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង។
វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះ រូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង។
លោកថា ការប្លន់នេះ ជាការព្រមានទៅកាន់អ្នកមាន កុំអួតពេកថ្ងៃក្រោយ នេះពួកសម្ដែង ខ្សែកស្វារ៉េនេះ ប្រហែលជា២លី ២លីកន្លះនេះអស់ហើយ ចូលប្រហែលជា១ពាន់គ្រាប់ ហើយលក់ក្នុងទីផ្សារវិញ ក្រៅពីម្ចាស់គេ លក់គ្មានបានប៉ុន្មានទេ…ទាំងអស់ហ្នឹងគ្មានលើហ្នឹងទេ។
ចំណែកលោក ផែង វណ្ណៈ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះគ្រឿងអលង្ការ ដែលសមត្ថកិច្ចប្រមូលពីចោរសម្រាប់ប្រគល់ឲ្យម្ចាស់ដើមវិញ ហើយរៀបរាប់ថា «ខ្សែកពេជ្រ ដែលគេអួតអះអាងថា មានតម្លៃរាប់លានដុល្លារ ធ្វើអោយចោរស្រក់ទឹកមាត់ ពេលប្លន់បានទើបដឹងថា ជាក្ដិបពេជ្រសោះ»។
លុះនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី កើតទុក្ខមិនសុខចិត្តក៏បានធ្វើការឡាយបកស្រាយ ហើយនៅក្នុងការឡាយបកស្រាយនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានធ្វើការបញ្ជាក់ច្បាស់ៗថា តាមពិតខ្លួនអត់ត្រូវចេញវីដេអូទេ ចាំឲ្យចាំសព្វគ្រប់សិន ព្រោះចោរចាប់អត់ទាន់បានអស់ ប៉ុន្តែខ្លួនឃើញបងប្អូនខ្លះ ព្យាយាមបំបាក់ ដោយខ្លួនជាជនរងគ្រោះ ទៅជាអ្នកបំពុលសង្គមទៅវិញ ព្យាយាមជាន់ពន្លិចជនរងគ្រោះ លើកតម្កើងចោរ ធ្វើឲ្យសង្គមខ្មែរច្របូកច្របល់។
ជាមួយគ្នានេះ លោកជំទាវ អ៊ានសៀវម៉ី បានយំសម្រាក់ទឹកភ្នែកជ្រែកផែនថ្ពាល់ ធ្វើការលើកដៃសំពេះអង្វរដល់លោកពូម្នាក់ ឈប់លាបពណ៌ខ្លួនទៀតទៅ ខ្លួនជួបរឿងអញ្ចឹងហើយ មកជាន់ពន្លិចខ្លួន ហើយកាន់ជើងចោរ ចង់បានអីពីខ្លួន មានដឹងថាខ្លួនឈឺចាប់អត់?
ពេលនោះ ប្ដីលោកជំទាវ ក៏បានិយាយដែរថា អស់ពីពេជ្រឯងថា អស់ច្រើន បែរជាថាពេជ្រឯងចាប់អស់៩លាន មកឃើញពេជ្រប៉ុណ្ណឹង។ គ្រាន់តែប្ដីនិយាយបែបនេះ ឆ្លើយតបទៅកាន់លោកពូម្នាក់នោះ ស្រាប់តែលោកជំទាវ អ៊ាន សៀវម៉ី បានស្ទុះយកពេជ្ររបស់ខ្លួនមកបង្ហាញពេជ្រ ហើយរៀបរាប់ទាំងទឹកភ្នែកទៀតថា ពូឯងឆ្លើយថា ៣ឈុត នេះ ប្រអប់ចោរ។
ចែម៉ី លើកបង្ហាញហើយសួរថា «ពូឯងរាប់មើល ៣ឈុត ឬប៉ុន្មានឈុត ហើយអត់អស់ទេរបស់ខ្ញុំ បាត់ជាង១លានដុល្លារទៀតពូ ពូឯងដឹងម៉េចទេ ឈ្មោះនេះ ឈ្មោះខ្ញុំ វាកាត់ខ្សែខ្ញុំអស់ ហើយបើសិនជាចោរហ្នឹងវាមានលុយ ណាពូណា ហេតុអ្វីវាលួចទៅភ្លាម វាយកទៅរំលាយ វាយកទៅរំលាយលក់ ខ្ញុំសួរថា បើវាមានលុយ វាស្អប់ខ្ញុំ វាជ្រេញខ្ញុំ វាប្លន់ខ្ញុំ ហេតុអី ផ្ទះវាជួលគេ ឡានវាបង់រំលស់គេ»។
លោកជំទាវយំរៀបរាប់ទៀតថា «ខ្ញុំបញ្ចេញអ្វី ដែលខ្ញុំមានទេ ខ្ញុំអត់បានទៅលួចឆក់ប្លន់អ្នកណា ខ្ញុំអង្គុយឡាយលក់ ខ្ញុំជួយតែអ្នកក្រ អ្នកដែលអត់ ហើយខ្ញុំប្រាប់ថា អញ្ចេក ពូមិនបានអាណិតខ្ញុំក៏ដោយ ពូកុំជាន់ពន្លិចខ្ញុំ ពូមើលទៅ នៅសល់តែឈ្មោះខ្ញុំទេ ខ្សែខ្ញុំទៅណា ខ្ញុំចង់សន្លប់ពូឯងយល់ទេ ហើយសួរថាខ្ញុំចាំបានទេ ថាទាំងអស់ហ្នឹងរបស់ខ្ញុំមានអីខ្លះ»។
លោកជំទាវ បន្តថា «ពូមើលទៅ ពូឯងបើថាអីវ៉ាន់៥០ឈុតចុះក្រោម ខ្ញុំចាំបាន តែខ្ញុំមិនមែន៥០ឈុតទេ របស់ទ្រព្យខ្ញុំ បងប្អូនឃើញហើយ ១ខ្សែខ្ញុំពាក់ អាបណ្ដោងធំខ្ញុំ ណាពូ ណាអ្នកទាំងអស់គ្នា ៤០ជាងម៉ឺន, ក្រវិលគ្រាប់ធំខ្ញុំ ខ្សែដៃអាគ្រាប់ធំៗខ្ញុំ បាត់អស់ទៅហើយ មិនទាន់អស់ទេ»។
លោកជំទាវ បានបន្តជាមួយនឹងការសុំអំពាវនាវថា «សុំអ្នកសារព័ត៌មានមួយចំនួនក៏ដោយ កុំនិយាយអ្វីមិនការពិតៗ របស់ខ្ញុំមិនទាន់បានមកវិញទាំងអស់ទេ ខ្ញុំបានតែអាតូចៗរបស់ខ្ញុំទេ វាយករបស់ខ្ញុំទៅរំលាយសួរថាបើវា អាចោរប្លន់ហ្នឹងបើវាមានលុយមែន វាគ្រាន់តែជ្រេញខ្ញុំមែនហេតុអីយករបស់ខ្ញុំទៅរំលាយរបស់ខ្ញុំអស់រលីង»។
អ្នកលក់តាមអនឡាញដ៏ល្បីរូបនេះ បន្តថា «ខ្ញុំជឿថា ស្ត្រីមួយណា ក៏ស្រឡាញ់គ្រឿងអលង្កការដែរ ក៏ស្រឡាញ់គ្រឿងអលង្កការដែរ ពូមានរបស់តូចមួយក៏ពូអួតគេដែរ ទម្រាំខ្ញុំជាមនុស្សស្រី ខ្ញុំចង់ល្អ ហេតុអ្វីមកថា ដាក់បន្ទុកលើខ្ញុំទៀត ខ្ញុំសម្ញែង ខ្ញុំអួត បងប្អូនណាមិនអួត ខ្ញុំសួរថា ខ្ញុំមានលុយ ខ្ញុំមិនបំពេញសេចក្ដីសុខឯងទេមែនអត់? អ្នកណាខ្លះ ដែលខំរកលុយហត់ហើយ មិនបំពេញក្ដីសុខខ្លួនឯង ឥឡូវនិយាយប្រាប់ខ្ញុំមក»។
ឧកញ៉ាវ័យក្មេង មានដើមកំណើតពីខេត្តព្រៃវែងរូបនេះ បានយំលើកជាសំណួរថា «ពូថាអញ្ចឹង ចុះពូនោះ ខំនិយាយខំប្រឹងអីនោះ សូម្បីតែពូ បានចញ្ចៀន១វង់ក៏ពូបង្ហាញគេ កេះអាចម៌ច្រមុះថតរូបដែរ ពូនិយាយរឿង៥៧០ពូ ពូនិយាយគ្រប់បែបយ៉ាង ពូចង់បានអីប្រាប់ខ្ញុំមក ពូចង់បានអី…»។
ជាមួយគ្នានេះ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បដិសេធចំពោះ លោក William Guang ដែលអះអាងថា នៅក្នុងឡាន អត់ចូលរួមក្នុងសកម្មភាពប្លន់នោះ ដោយលោកជំទាវថា លោក William Guang កាន់អាវុធចូលរួមប្លន់ដោយផ្ទាល់ ហើយការឆ្លើយបែបនេះ ដើម្បីសម្រាលបន្ទុកខ្លួនឯងប៉ុណ្ណោះ៕