ភ្នំពេញ ៖ ក្រោយពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ក្រាបក្រុមចោរប្លន់ផ្ទះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី រួចមក មហាជន បានសម្ដែងការអបអរសាទរ និងសរសើរកងកម្លាំងមិនដាច់ពីមាត់នោះទេ។
ជាក់ស្ដែង ថ្មីៗនេះ លោក ផែង វណ្ណៈ បានបង្ហោះសារសរសើរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថា « រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ពិតជាមានមោទនភាពណាស់ ដែលមានមន្ត្រីនគរបាលយុត្តិធម៌ ពោរពេញទៅដោយបទពិសោធន៍ សមត្ថភាព ឈ្លាសវៃ ប៉ិនប្រសប់ ពូកែ ម៉ឺងម៉ាត់ អត់ធ្មត់ ដូចលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ»។
លោក បន្តថា «តាមការកត់សម្គាល់ រាល់បទល្មើសធំៗកើតឡើងកម្រគេចផុតពីកណ្ដាប់ដៃកងរាជអាវុធហត្ថរាជធានីភ្នំពេញណាស់។ ជាក់ស្ដែងការដឹកនាំបង្ក្រាបបទល្មើសប្លន់អ្នកលក់ឡេពេលនេះ ជាសក្ខីភាពបញ្ជាក់ច្បាស់ថា លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ពិតជាមានសមត្ថភាពអស្ចារ្យដែលមិនសរសើរមិនបាន។ ជាពិសេស មន្ត្រីក្រោមឱវាទក៏សុទ្ធតែមានសមត្ថភាពជំនាញពូកែៗ និងបំពាក់សម្ភារៈប្រយុទ្ធទំទើបៗមិនចាញ់ប្រទេសជិតខាងឡើយ»។
ដោយឡែកនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យ៉ាន សុភាព បានចេញដីកាបង្គាប់ឲ្យនាំខ្លួនមេចោរប្លន់ William Guang និងបក្ខពួក ដែលពាក់ព័ន្ធករណីប្លន់ ខាងលើនេះ យកទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។
នៅរសៀលថ្ងៃដដែលនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានឡាយវីដេអូ លើកដៃសំពេះអរគុណសមត្ថកិច្ចស្រុកខ្មែរ ដែលព្យាយាមអស់ពីសមត្ថភាព ជួយខ្លួន ធ្វើឲ្យមានភាពកក់ក្ដៅ ជួយពង្រឹងទឹកចិត្តរបស់ខ្លួន។
បន្តមកទៀត លោកជំទាវក៏បាន លើកដៃសំពេះអរគុណដល់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមួយនឹងការរៀបរាប់ទាំងទឹកភ្នែកថា «ខ្ញុំសូមអរគុណដល់ឯកឧត្តមពូ រ័ត្ន ស្រ៊ាង ដែលលោកពូព្យាយាមអស់ពីកម្លាំងចិត្ត កម្លាំងកាយ ជួយនាងខ្ញុំ នាងខ្ញុំអត់ភ្លេចគុណលោកពូទេ ពីព្រោះនាងខ្ញុំអត់ដែលជួបពីមុននោះទេ…»។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលទៅផ្ទះវិឡារលេខV01ចាប់ខ្លួន លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ក្រុមចោរធ្វើសកម្មភាព ហើយចាកចេញទៅបាត់ បានប្រហែល៧នាទី ប្អូនប្រុសរបស់ លោក ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។
ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។
បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។
លោក វីល្លៀម គ័ង បានឆ្លើយសារភាពនៅចំពោះមុខអាវុធហត្ថទៀតថា មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:ទី១ គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
ទី២ គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ ព្រមានដល់អ្នកមាន មួយចំនួនដែលមានចរិតបែបនេះ៕ សូមទស្សនា វីដេអូ បកស្រាយរបស់ចែម៉ី ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖