លោកអ្នក បានជ្រាបរួចមកហើយថា កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនលោក លោក William Guang និងបក្ខពួក ទៅតុលាការ ដើម្បីធ្វើការសាកសួរ។
ក្រោយពីតុលាការបញ្ចប់ការសួរនាំរួចមក នៅល្ងាចថ្ងៃដដែលនោះ William Guang ប្រធានគណបក្សខ្មែរក្រោកជាមេក្លោង និងអ្នកពាក់ពន្ធ័ ត្រូវបានដឹកបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដោយរង់ចាំការសួរនាំបន្តនៅថ្ងៃទី២៥ ខែធ្នូ។
បន្ទាប់ពីបញ្ចប់ការសួរនាំរួចហើយ, នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយនៅថ្ងៃទី២៦ខែធ្នូ គឺជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ និងការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៊ើបសួរ។
បើតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលើ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទលួចមានស្ថានទម្ងន់ទោស, បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តទៀតថា នៅថ្ងៃស្អែក ជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ ដូច្នេះជនត្រូវចោទទាំងអស់នឹងត្រូវបានស្តាប់ចចម្លើយ បន្ទាប់មកនឹងមានការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៊ើបសួរ។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យ៉ាន សុភាព បានចេញដីកាបង្គាប់ឲ្យនាំខ្លួនមេចោរប្លន់ William Guang និងបក្ខពួករបស់ខ្លួន ដែលពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវ យកទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលទៅផ្ទះវិឡារលេខV01ចាប់ខ្លួន លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ក្រុមចោរធ្វើសកម្មភាព ហើយចាកចេញទៅបាត់ បានប្រហែល៧នាទី ប្អូនប្រុសរបស់ លោក ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។
ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។
បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។
លោក វីល្លៀម គ័ង បានឆ្លើយសារភាពនៅចំពោះមុខអាវុធហត្ថទៀតថា មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:ទី១ គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
ទី២ គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ ព្រមានដល់អ្នកមាន មួយចំនួនដែលមានចរិតបែបនេះ៕ សូមស្ដាប់ការបកស្រាយរបស់ចែម៉ី ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖