គេនៅចាំបានថា កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលទៅផ្ទះវិឡារលេខV01ចាប់ខ្លួន លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងមនុស្សក្នុងផ្ទះនោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ក្រោយពីយកគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក្រុមចោរ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបដល់សម្បុកមេខ្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ។
តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេខ្លោង និងជាអ្នក រៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ
ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:ទី១ គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
ទី២ គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ ព្រមានដល់អ្នកមាន មួយចំនួនដែលមានចរិតបែបនេះ ។
កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន០២លើក:ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។
ទី២គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ
ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម។
ក្រោមវិធានការជំនាញ ក្នុងចំណោមមនុស្ស១២នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៤នាក់ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង»។
នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយនៅថ្ងៃទី២៦ខែធ្នូ គឺជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ និងការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៊ើបសួរ។
បើតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលើ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទលួចមានស្ថានទម្ងន់ទោស, បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។
ទោះយ៉ាងណារឿងរ៉ាវដ៏ភ្ញាក់ផ្អើល និងមិននឹកស្មានដល់ខាងលើនេះ មានអ្នកខ្លះក៏ជឿថា ជាការពិត អ្នកខ្លះថា ពាលស៊ីពាល ជាការសម្ដែងជាដើម។ ក្រោយពីមានការខ្វែងគំនិតគ្នានោះ កាលពីពេលថ្មីៗកន្លងទៅនេះ ស្ត្រីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «និរតី ជំនោរ» បានចេញមកបកអាក្រាតវិល្លាមជាមួយនឹងការលើកហេតុផល និងអំណះអំណាងជាច្រើន។
តាមរយៈផេករបស់ខ្លួនឈ្មោះ «SOKHA HY» ស្ត្រីខាងលើ បានអះអាងថា «
ទោះអត់ទៅប្លន់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏វិល្លាម គួរតែជាប់គុកដែរ ពីព្រោះបានប្រព្រឹត្តិរឿងអាក្រក់ច្រើនណាស់ ហើយម្នាក់នេះ មានរហូតដល់អ្នកងប់ងុលជាមួយខ្លាំងមែនទែន ដោយសារតែរូបគេបានយកអំណះអំណាងទ្រឹស្ដីស្នេហាជាតិ ទ្រឹស្ដីនយោបាយ ធ្វើជាមូលដ្ឋានការពារខ្លួនឯង។
ស្ត្រីខាងលើ បានបន្តថា សូមជម្រាបជូនអ្នក ដែលងប់ងុលជាមួយវិល្លាមថា មនុស្សបោកប្រាស់ បើអត់និយាយត្រូវខ្លះ គ្មានអ្នកណាជឿទេ មនុស្សបោកប្រាស់ខ្លះនិយាយត្រូវហើយនិយាយ Make sense សមហេតុផល ពូកែនិយាយធ្វើឲ្យយើងជឿ។ បើអត់ពូកែនិយាយ វិភាគត្រូវទេ បងប្អូនមិនជឿទេ។ ស្ត្រីខាងលើបន្តថា មនុស្សជាច្រើន ជឿវិល្លាម ដោយសារតែស្នេហាជាតិ មាននារីខ្លះ អស់ទាំងខ្លួន អស់ទាំងលុយ មាននារីខ្លះទៀត សុខចិត្តលេងប្ដីហើយទៅយកវិល្លាម។
ប្រភពខាងលើ បានបន្តទៀតថា មានអ្នកខ្លះថា គេធ្វើវិល្លាម ស៊ី អ្នកខ្លះថា វិល្លាម ទៅលួចប្លន់គេមែន តែខ្លួនមានជំនឿ៧០ភាគរយ ទៅ៨០ភាគ ពិតជាប្លន់គេមែន មិនមែនគេធ្វើស៊ីទេ ដោយសារតែម្នាក់នេះ ជាមនុស្សអត់មានប្រវត្តិ, គ្រាន់តែមានទេពកោសល្យក្នុងការនិយាយ ក្នុងការបញ្ចុះបញ្ចូលឲ្យគេជឿ ហើយឆ្លាតរឿងខូច៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖