សូមរំលឹកឡើងវិញថា កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលទៅផ្ទះវិឡារលេខV01ចាប់ខ្លួន លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ក្រុមចោរធ្វើសកម្មភាព ហើយចាកចេញទៅបាត់ បានប្រហែល៧នាទី ប្អូនប្រុសរបស់ លោក ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។
ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។
បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។
ចំណែកប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មួយយប់ក្នុងការដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ក្នុងករណីប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ប្រុស ១នាក់ ស្រី ១នាក់ ហើយ។ សរុបមក ប្រតិបត្តិការរបស់អាវុធហត្ថនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នោះ ឃាត់ខ្លួនបានមនុស្ស១២នាក់។ រីឯប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្ស២នាក់។
ជនសង្ស័យទាំង២នាក់នេះ ទី១ ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ជាសមាជិកប្រឹក្សាជាន់ខ្ពស់គណបក្សខ្មែរក្រោក មានទីលំនៅក្នុងភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ទី២ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ និងទិញលក់ រថយន្ត មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។
ពួកគេ បានបើករថយន្តម៉ាកឡិចស៊ី GS-300 គ្មានស្លាកលេខ ទៅកន្លែងស្ងាត់ដើម្បីដុតកម្ទេច ចោលបំណងបំផ្លាញភស្តុតាងនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក៏ត្រូវសមត្ថ ឃាត់ខ្លួនតែម្តង។ ពួកគេ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ។
ចំពោះវត្ថុតាង ដែលដកហូត រួមមាន ៖ គ្រឿងអលង្ការ (ពេជ្រ) មួយចំនួន, បច្ចុប្បន្នខាងជំនាញកំពុងដំណើរការ ធ្វើកំណត់ហេតុប្រគល់ ជូនជនរងគ្រោះវិញ។ រីឯរថយន្ត ដែលជនសង្ស័យ បើកបរធ្វើសកម្មភាព ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
រឿងរ៉ាវខាងលើ រហូតមកដល់ពេលនេះ នៅតែជាទីចាប់អារម្មណ៍សម្រាប់មហាជននៅឡើយ ហើយស្របពេលរឿងនេះ កំពុងតែកក្រើកនោះ បើ ងាកមកចាប់អារម្មណ៍ពីផ្ទះវីឡាដ៏ប្រណីតរបស់លោក វិល្លាម វិញ ដែលជាប្រភេទ 5 BedRooms Prince Villa ត្រូវបានគេបញ្ចេញឲ្យដឹងថា មានតម្លៃ ១,៥០០,០០០ ដុល្លារឯណោះ៕