ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលទៅផ្ទះវិឡារលេខV01ចាប់ខ្លួន លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ក្រុមចោរធ្វើសកម្មភាព ហើយចាកចេញទៅបាត់ បានប្រហែល៧នាទី ប្អូនប្រុសរបស់ លោក ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។
ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។
បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។
ងាកមកឯកឧត្តម ជា ចំរើន នៅពេលទទួលដំណឹងនេះ ឡាយវីដេអូ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយដាក់Captionដ៏ចាក់ដោតថា «ខ្ញុំមិនគួរឲ្យជឿសោះមេបក្សនយោបាយមួយមានទ្រទំស្តុកស្តម្ភក្លាយជាមេចោរ!»។
នៅក្នុងវីដេអូនោះ ឯកឧត្តម បានរៀបរាប់ថា «ជម្រាបសួរ បងប្អូនកូនក្មួយទាំងអស់ ថ្ងៃនេះ ខ្ញុំហាក់បីដូចជា មិនចង់ជឿទាល់តែសោះ ដែលមេបក្សក្មេងខ្ចី មានទ្រនំស្ដុកស្ដម្ភ ក្លាយទៅជាមេចោរ ដូចមិនគួរឲ្យជឿទាល់តែសោះ ចឹងបានថា មនុស្សយើងគួរឲ្យឆ្ងល់កន្លែងហ្នឹង ហេតុអ្វីបានរឿងនេះកើតឡើង»។
ឯកឧត្តម បន្តថា «លោក William Guang ធ្លាប់សរសេរក្នុងហ្វេសប៊ុករបស់គាត់ថា ខ្ញុំជាមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលធ្លាប់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មុខតំណែងខ្ពង់ខ្ពស់គ្រាន់បើ កេរ្ដិ៍ឈ្មោះល្អ ហេតុម្ដេច បានក្លាយជាអ្នកលក់ឡេ លក់អាហារបំប៉ន លក់គ្រឿងសុខភាពទៅវិញ»។
ឯកឧត្តម បន្តទៀតថា «ឥឡូវមកក្រឡេកឃើញគាត់ ដែលធ្លាប់តែប្រើពាក្យចិត្តសាស្ត្រនយោបាយ នៅលើបណ្ដាញសង្គមវាយប្រហារខ្ញុំ ភាពក្រីក្ររបស់ខ្ញុំ ភាពបរាជ័យរបស់ខ្ញុំ តែត្រូវបានសង្គមទទួលស្គាល់គាត់ជាអ្នកនយោបាយក្មេងម្នាក់ ឥឡូវនេះ ស្រាប់តែគាត់ក្លាយទៅជាមេចោរទៅវិញ ដូចជាមិនគួរឲ្យជឿ ដូចមិនគួរឲ្យជឿសោះ តែរឿងនេះ យើងត្រូវតែជឿនៅក្នុងសង្គម រឿងស្អីក៏កើតឡើងដែរ»។
ឯកឧត្តម បន្ថែមទៀតថា «ចឹងបានថាពេលខ្លះ ឃើញគេ មានបាន យើងចាត់ទុកថា ជារឿងទាំងអស់ ដែលគេធ្វើនៅក្នុងផ្លូវវិជ្ជមាន ផ្លូវល្អ។ ចឹងបានខ្មែរយើងច្រើនតែនិយាយថា ស្មោះត្រង់ល្អហើយ ត្រង់វាងាប់ ស្មោះត្រង់ល្អហើយ ត្រង់វាងាប់ ចឹងចង់មានចង់បាន ក៏គេនិយាយពាក្យទៀត ធ្វើល្អបានបុណ្យ ធ្វើបាបបានលុយ ប្រហែលលោក William Guang មេបក្សខ្មែរក្រោកនេះ បែបគាត់ប្រើទ្រឹស្ដីនេះក៏មិនដឹង…»៕