ស្របពេល ដែលផ្ទះប្រក់ស្បូវ ត្រូវបានចេញរុះរើ ហើយផ្ទះថ្មី បានកំពុងតែរៀបចំបណ្ដុះឡើង តារាសម្ដែង និងបង្ហាញម៉ូដលោក សាយ សៀរ៉ា បាននិយាយថា ខ្លួនពិតជាមានអារម្មណ៍រីករាយយ៉ាងក្រៃលែង នៅពេលដែលបានសង់ផ្ទះមួយនេះជូនឪពុកម្ដាយ ខណៈដែលពួកគាត់មានវ័យកាន់តែចាស់។
លោក សាយ សៀរ៉ា បញ្ជាក់ថា ផ្ទះដែលលោកសាងសង់ជូនឪពុកម្ដាយនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺមានទំហំ៨x១២ម៉ែត្រ និងត្រូវការចំណាយប្រាក់ប្រមាណជា៤ ទៅ៥ម៉ឺនដុល្លារ បានកំពុងតែរៀបចំជាបណ្ដើរៗហើយ បន្ទាប់ពីបានរុះរើផ្ទះចាស់ចេញកាលពីពេលថ្មីៗនេះ។
តារារូបនេះបានរៀបរាប់បន្តទៀតថា បើនិយាយពីសិល្បៈមួយរយៈពេលចុងក្រោយនេះ គឺពុំសូវជាមានការសម្ដែង ឬមមាញឹកអាចរកប្រាក់ចំណូលបានប៉ុន្មានឡើយ ប៉ុន្តែដោយសារផ្ទះដែលឪពុកម្ដាយកំពុងរស់នៅ មានសភាពទ្រុឌទ្រោមខ្លាំង ទើបខំប្រឹងប្រមែប្រមូលលុយ ដើម្បីសង់ថ្មីជូនពួកគាត់។
ផ្ទះនោះ បើមើលពីខាងក្រៅគឺនៅល្អដែរ តែនៅខាងក្នុងដំបូលលិចអស់ហើយ ពេលភ្លៀងមកលិចពេញផ្ទះ។ លោក សាយ សៀរ៉ា អះអាងថា ៖ “រយៈពេល២ឆ្នាំ ដែលកូវីដ ១៩ ខ្ញុំមិនបានទៅស្រុក ទើបតែពេលបុណ្យភ្ជុំមកសម្រាក ទើបដឹងថា ផ្ទះលិចទឹក។ ខ្ញុំមានអារម្មណ៍ស្លុតចិត្ត និងអាណិតពួកគាត់និយាយមិនចេញ បានត្រឹមស្រក់ទឹកភ្នែក “។
បើទោះយ៉ាងណាពេលនេះ លោកក៏បានសប្បាយចិត្ត និងរំភើបរីករាយ ខណៈដែលជម្រកថ្មីដែលមានតម្លៃខ្ទង់៤ទៅ៥ម៉ឺនដុល្លារជាងសាងសង់ជូនឪពុកម្ដាយ នៅឯស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានកំពុងតែរៀបចំសាងសង់ឡើងហើយ។
សូមបញ្ជាក់ថា សាយ សៀរ៉ា ជាតារាសម្ដែង និងបង្ហាញម៉ូដមួយរូបដែលតែងធ្វើរឿងសប្បុរសធម៌ជារឿយៗតាមលទ្ធភាពទោះបីមិនមែនជាចំនួនច្រើនយ៉ាងណាក៏ដោយ។ លោកត្រូវបានគេមើលឃើញថា ជាកូនកតញ្ញូចំពោះឪពុកម្ដាយផងដែរ៕