ស្របពេលដែលផ្ទះប្រក់ស្បូវត្រូវបានចេញរុះរើ ហើយផ្ទះថ្មីបានកំពុងតែរៀបចំបណ្ដុះឡើង តារាសម្ដែង និងបង្ហាញម៉ូដលោក សាយ សៀរ៉ា បាននិយាយថា ខ្លួនពិតជាមានអារម្មណ៍រីករាយយ៉ាងក្រៃលែង នៅពេលដែលបានសង់ផ្ទះមួយនេះជូនឪពុកម្ដាយ ខណៈដែលពួកគាត់មានវ័យកាន់តែចាស់ ។
លោក សាយ សៀរ៉ា បញ្ជាក់ថា ផ្ទះដែលលោកសាងសង់ជូនឪពុកម្ដាយនៅស្រុកស្រីសន្ទរ ខេត្តកំពង់ចាម គឺមានទំហំ៨x១២ម៉ែត្រ និងត្រូវការចំណាយប្រាក់ប្រមាណជា៤ ទៅ៥ម៉ឺនដុល្លារ បានកំពុងតែរៀបចំជាបណ្ដើរៗហើយ បន្ទាប់ពីបានរុះរើផ្ទះចាស់ចេញកាលពីពេលថ្មីៗនេះ ។
តារារូបនេះបានរៀបរាប់បន្តទៀតថា បើនិយាយពីសិល្បៈមួយរយៈពេលចុងក្រោយនេះ គឺពុំសូវជាមានការសម្ដែង ឬមមាញឹកអាចរកប្រាក់ចំណូលបានប៉ុន្មានឡើយ ប៉ុន្តែដោយសារផ្ទះដែលឪពុកម្ដាយកំពុងរស់នៅ មានសភាពទ្រុឌទ្រោមខ្លាំង ទើបខំប្រឹងប្រមែប្រមូលលុយ ដើម្បីសង់ថ្មីជូនពួកគាត់ ។
ផ្ទះនោះបើមើលពីខាងក្រៅគឺនៅល្អដែរ តែនៅខាងក្នុងដំបូលលិចអស់ហើយ ពេលភ្លៀងមកលិចពេញផ្ទះ ។ លោក សាយ សៀរ៉ា អះអាងថា៖“រយៈពេល២ឆ្នាំដែលកូវីដ ១៩ ខ្ញុំមិនបានទៅស្រុក ទើបតែពេលបុណ្យភ្ជុំមកសម្រាក ទើបដឹងថា ផ្ទះលិចទឹក ។ ខ្ញុំមានអារម្មណ៍ស្លុតចិត្ត និងអាណិតពួកគាត់និយាយមិនចេញ បានត្រឹមស្រក់ទឹកភ្នែក “។
បើទោះយ៉ាងណាពេលនេះ លោកក៏បានសប្បាយចិត្ត និងរំភើបរីករាយ ខណៈដែលជម្រកថ្មីដែលមានតម្លៃខ្ទង់៤ទៅ៥ម៉ឺនដុល្លារាងសាងសង់ជូនឪពុកម្ដាយ នៅឯស្រុកស្រីសន្ទរ ខេត្តកំពង់ចាម បានកំពុងតែរៀបចំសាងសង់ឡើងហើយ។
សូមបញ្ជាក់ថា សាយ សៀរ៉ា ជាតារាសម្ដែង និងបង្ហាញម៉ូដមួយរូបដែលតែងធ្វើរឿងសប្បុរសធម៌ជារឿយៗតាមលទ្ធភាពទោះបីមិនមែនជាចំនួនច្រើនយ៉ាងណាក៏ដោយ។ លោកត្រូវបានគេមើលឃើញថា ជាកូនកតញ្ញូចំពោះឪពុកម្ដាយផងដែរ៕
ប្រភពពីតារាញូស៍