កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្មាំ២០២១ មានករណីប្លន់ប្រដាប់អាវុធមួយ បានកើតឡើង នៅផ្ទះវិឡារលេខV01 របស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីមានករណីនេះ សមត្ថកិច្ច បានស្រាវជ្រាវរកមុខសញ្ញា រហូតដល់យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្រុកចូលសម្បុកក្រុមចោរប្លន់ ស្ថិតក្នុងទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន១២នាក់ ក្នុងនោះ មានលោកWilliam Guangផងដែរ។
ក្នុងការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ច ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)។ ចំពោះ គ្រឿងពេជ្រនេះ បើតាមការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បើគិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លារអាមេក។
ចំណែកប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មួយយប់ក្នុងការដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ក្នុងករណីប្លន់ផ្ទះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ប្រុស ១នាក់ ស្រី ១នាក់។
ក្រឡេកមកមើលលោក William Guangវិញ ក្រោយពីឃាត់ខ្លួនត្រូវបានសមត្ថកិច្ចសួរចម្លើយ ហើយតាមចម្លើយសារភាពនោះ ឃើញថា លោកជាមេខ្លោងក្នុងករណីប្លន់ផ្ទះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី កាលពីពេលថ្មីៗនេះ ដោយសារជ្រេញនឹងអ្នកលក់ឡេរូបនេះ អួតពេក។
ជាក់ស្ដែង នៅក្នុងការផ្សាយព័ត៌មាននាព្រឹកនេះ, លោក មាស ឫទ្ធី បានបញ្ជាក់ពីចម្លើយសារភាពរបស់លោក William Guangក្រោយការឃាត់ខ្លួន ថា គាត់បានចុះទៅប្លន់ផ្ទាល់ ប៉ុន្តែបញ្ជាក់ពីក្នុងឡាន។ លោក William Guang សារភាពដែរថា អត់បានយកលុយទេ យកតែគ្រឿងគ្រឿងអលង្ការការពិតប្រាកដ។
អ្នកសារព័ត៌មានដ៏ល្បីរូបនេះ បានបញ្ជាក់ពីចម្លើយសារភាពរបស់លោក William Guang ទៀតថា នៅពេលគេសួរថាលោកជាមេបក្សមួយ ហេតុអ្វីមកដឹកនាំការប្លន់ ស្រាប់តែលោកឆ្លើយថា ជ្រេញ ធុញ ស្អប់ នឹងអ្នកអំនួតទ្រព្យសម្បត្តិ ព្រោះអ្នកលក់ឡេម្នាក់នេះ ចូលចិត្តអួត ពីមាស ពេជ្រ ដុល្លារ។
ក្រោយពីប្រធានគណបក្សខ្មែរក្រោកខាងលើត្រូវបានចាប់ខ្លួននោះ, ងាកមកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាវិញ បានបង្ហោះសារដ៏ចាប់អារម្មណ៍ថា «ខ្ញុំស៊ូស្លាប់ ដោយសារអត់បាយហូប ខ្ញុំស៊ូជាប់គុកដោយសារ
រឿងជាតិ និងជួយប្រជាពលរដ្ឋ ក៏ប៉ុន្តែខ្ញុំមិនជាប់គុក និងស្លាប់ ដោយសាររឿងអបាយមុខនោះឡើយ។ ពេជ្រ ស្រស់»។
ការលើកឡើងរបស់លោកនេះ ក៏មានមតិខ្លះធ្វើការរិះគន់ផងដែរថា «និយាយបែបកេងចំណេញនយោបាយ » ហើយជាការឆ្លើយតបលោក បានលើកជាសំណួរទៅវិញថា «រឿងប្លន់ ជារឿងនយោបាយដែរមែនទេ?»៕