លោក អ្នក បានជ្រាបរួចមកហើយថា កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ទំនាស់ រវាងលោក ជា ចាន់តុលា និង កញ្ញា ស៊ាន ធារី ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលរបស់ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ។
ភាគីទាំង២ បានយល់ព្រមដោយស្ម័គ្រចិត្ត និងបានធ្វើ ឯកសារបញ្ចប់ទំនាស់ឈប់ប្ដឹងផ្ដល់គ្នាដោយមានមេធាវីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នា ចាប់ពីពេលនោះតទៅ ហើយពួកគេ ក៏មិនមានទំនាក់ទំនងស្នេហា និង អាជីវកម្មអ្វីជាមួយគ្នាទៀតទេ។
ក្រោយបញ្ចប់ទំនាស់ និងចែកផ្លូវគ្នានោះ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា លោក ជា ចាន់តុលា រកឃើញអ្នកស្អំបេះដូងថ្មីជំនួសអតីតមិត្តស្រី ដែលស្រឡាញ់ និងរួមរស់នៅជាមួយគ្នាអស់រយៈពេលជាង៥ឆ្នាំ ហើយ ឬនៅនោះទេ។
ដោយឡែក អតីតមិត្តស្រីលោក អ្នកនាង ស៊ាន ធារី បានបន្តស្នេហាជាមួយលោក ប៊ុន ផាក ដដែល ហើយថែមទាំងសាងភាពភ្ញាក់ផ្អើលដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទៀតផង ខណៈថ្មីៗនេះ ម្ចាស់ហាង V Shop បានទម្លាយលិខិតផ្ដិតដោយស្នាំថើប១របស់លោកប៊ុន ផាក ផ្ញើជូននាង សម្រាប់ខួបស្នេហារយៈពេល៥ខែនោះ។
បង្ហោះភ្ជាប់ជាមួយលិខិត១សន្លឹកនេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ម្ចាស់ហាងV Shopរៀបរាប់ថា «ក្រដាសមួយសន្លឹកនេះ អាចអោយខ្ញុំញញឹមពោពេញដោយក្តីសុខ ជាងបានចិញ្ចៀនពេជ្រមួយវង់ទៅទៀត ខ្ញុំទើបដឹងខ្លួនថា ខ្ញុំខានញញឹមបែបនេះយូរហើយ។
មនុស្សពេញមួយផែនដី អាចមើលងាយស្នេហាពួកយើង ទាំងដែលគេមិនដឹងច្បាស់ថាការពិតវាយ៉ាងណា សុំត្រឹមតែយើងពីរនាក់ដឹងខ្លួនច្បាស់ទៅបានហើយ។ ក្រោយពីឆ្លងកាត់ឧបសគ្គលើកនេះហើយ វាធ្វើអោយស្នេហាយើងកាន់តែរឹងមាំ និង មានតម្លៃជាងមុនទៀត Love you BP»។
នៅក្នុងក្រដាស១សន្លឹកធ្វើឡើង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នោះ លោកប៊ុន ផាក បានរៀបរាប់ថា “Happy 5th Month Annaversary អូនសម្លាញ់” ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃដែលបងមានសេរីភាព និងបានជួបអូនឡើងវិញ! បងធ្លាប់បានភ្លក់រសជាតិ ជីវិត ដែលគ្មានអូនវាតែងតោលប៉ុណ្ណា។
រឿងដែលកើតឡើងលើកនេះ វាធ្វើឲ្យស្នេហាយើងរឹងមាំ និងចាស់ទុំជាងមុន។ អរគុណរឿងនេះ បើគ្មានវាទេ បងក៏មិនដឹងថា មានតម្លៃប៉ុណ្ណា យើងហ៊ានលះបង់ចំពោះវាប៉ុណ្ណោះដែរ។ យើងកាន់ដៃគ្នាដើរទៅមុខទៀត បងសង្ឃឹមថា អូននឹងញញឹមបែបគ្មានកង្វល់បែបនេះរហូត រង់ចាំផ្ដល់កម្លាំងចិត្តអូន និងឱបអូនរាល់ថ្ងៃ។
ក្រោយពីរឿងនេះក្លាយជាការចាប់អារម្មណ៍ជាថ្មីសម្រាប់មហាជននោះ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លោក គួច ខេវិន បង្ហោះចម្រៀង១បទនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ផ្ញើជូនមិត្តៗទាំងអស់គ្នាបានស្ដាប់កម្សាន្ត ហើយក៏បានផ្ញើជូនលោក ជា ចាន់តុលា ជាពិសេសផងដែរ។
លោក បានរៀបរាប់ដូច្នេះថា «ដោយសេចក្ដីនឹករលឹក ពីចម្ងាយ និងការរាប់អានដោយសុទ្ធចិត្ត ខ្ញុំសូមផ្ញើនូវបទចម្រៀងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ទៅដល់អ្នកច្រៀងឡើងវិញក្នុងសំនៀងរដឺននៃខ្មែរសុរិន្ទ អ្នកនាង ចេន សាវចៃ ដែលចាប់តាំងតែពីមានភាពវឹកវរនៃជំងឺ កូវីដ ១៩ រហូតមកយើងពុំបានជួបគ្នាផ្ទាល់ទាល់តែសោះ!!!
ក៏សូមផ្ញើជូនដល់មិត្តៗទាំងអស់បានស្តាប់ កម្សាន្តអារម្មណ៍ មុនពេលចូលនិទ្រា នារាត្រីនេះ! ជាពិសេសក៏សូមផ្ញើជូនផងដែរចំពោះប្អូនប្រុស ជា ចន្ទតុលា បានស្តាប់រំសាយនូវក្តីកង្វល់ក្នុងជីវិតនាពេលកន្លងមកនេះ…សូមទទួលបាននូវសេចក្តីសុខគ្រប់ៗគ្នា គ្រប់ទិនទិវា រាត្រី»៕