និយាយដល់ឈ្មោះតារាចម្រៀង សុខ ស្រីនាង ប្រិយមិត្តមួយចំនួនច្បាស់ដឹងហើយថា រូបនាង បានបោះជំហាន ចូលក្នុងវិស័យសិល្បៈដំបូងនៅឆ្នាំ២០០៥ ក្នុងផលិតកម្ម KH Production ហើយ ស្នាដៃចម្រៀងដំបូង ដែលធ្វើមហាជនស្គាល់នាងតាមរយៈបទ «រាត្រីនឹកបង និងបទ ភ្លឺឡើងបាត់ស្នេហ៍»។
ក្រោយសាងកេរ្ដិ៍ឈ្មោះល្បីល្បាញនៅផលិតកម្មខាងលើនេះ ស្រាប់តែបាត់ឡេងនាង មួយរយៈធំ ក៏បន្លឺសំនៀងឡើងវិញក្នុងផលិតកម្មថ្មីគឺ Big Men។ .ក្រោយមក ស្រីនាង បានផ្លាស់ប្ដូរទ្រនំជាហូរហែ រហូតមកដល់បច្ចុប្បន្ន កំពុងជ្រកក្នុងទ្រនំធំខ្ពស់ ផលិតកម្មហង្សមាស។
ចំណែកកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ ១៩៩៩-២០០៥ អ្នកនាង បានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 Entertantment Production។
ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Musicហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញ ពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះគិតរហូតមកដល់ពេលនេះ អ្នកនាង បានសាងភាពល្បីល្បាញនៅផលិតកម្មរស្មីហង្សមាស ប្រមាណជាង១០ឆ្នាំមកហើយ។
ស្របពេលតារាចម្រៀងទាំង២ខាងលើនេះ កំពុងឈរជើងនៅផលិតកម្មហង្សមាសនោះ កាលពីពេលថ្មីៗនេះ ពួកគេ ក៏មានឱកាសរួមការងារជាមួយគ្នាលើកទី១។ ជាក់ស្ដែង តារាចម្រៀង សុខ ស្រីនាង បានបង្ហោះរូបថត១សន្លឹកថតជាមួយឧកញ៉ា កញ្ញា ហើយបង្ហាញអារម្មណ៍រំភើប និងបញ្ជាក់ពីការរួមការងារជាមួយគ្នាលើកដំបូង។
សុខ ស្រីនាង បានបង្ហោះសារដូច្នេះថា «នេះជាលើកទីមួយហើយ ដែលរួមការងារជាមួយរៀមច្បង Aok Sokunkanha – ឱក សុគន្ធកញ្ញា បើនិយាយពីអារម្មណ៍គឺរំភើប និងរីករាយណាស់ ចាប់ដៃធ្វើការងារលើកទីមួយមែន ប៉ុន្តែធ្វើការបានដោយរលូន ក្រោមការយកចិត្តទុកដាក់ពីបងស្រីផ្ទាល់ និងក្រុមការងារទាំងអស់ផងដែរ Love&respect»៕