ករណី លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវចោរចូលប្លន់យកគ្រឿងអលង្ការនោះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដោយសារព័ត៌មានបឋមថា ប្លន់យកលុយ និងគ្រឿងអលង្ការ គិតជាទឹកប្រាក់អស់ជិត១០លានដុល្លារនោះ។
ទោះយ៉ាងណា ព័ត៌មានបឋម ដែលចុះផ្សាយព្រោងព្រាតនេះ ត្រូវបានស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបដិសេធ ដោយបញ្ជាក់នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ថា តាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ។
ជុំវិញរឿងនេះដែរ លោកផែង វណ្ណៈ ក៏បានបញ្ជាក់នៅក្នុងការឡាយរបស់ខ្លួនដែរថា បាត់បង់តែខ្សែកស្វារ៉េចំនួន៣ខ្សែប៉ុណ្ណោះ។ ចំពោះខ្សែកទាំង៣ខ្សែនេះ បើគិតជាទឹកប្រាក់មិនទាន់ដឹងថា មានចំនួនប៉ុន្មាននៅឡើយទេ។ តាមការស្មានអាចចន្លោះពី៣០ម៉ឺន ទៅ១លានដុល្លារ។
ងាកមកអ្នកនាងខ្ញុង ក្រោយរឿងនេះ បានកើតឡើងនោះ អ្នកនាង បានបង្ហោះសារនៅល្ងាចថ្ងៃដដែលនោះថា «ឮហើយស្ទើរលោះព្រលឹង សូមឲ្យអ្វីៗប្រសើរឡើងឆាប់ៗ ពិតជាសោកស្ដាយខ្លាំងណាស់ព្រះនាងតូច សូមទេវតាជួយថែសុខភាពផងចែ»។
តាមរយៈនេះ មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានសួរនាំអ្នកនាង ខ្ញុង ថាមានរឿងអីកើតឡើង? តែគេមិនឃើញអ្នកនាងខ្ញុង ធ្វើការឆ្លើយតបបែបណានោះឡើយ។ ទោះយ៉ាងណា ខ្ញុង បានបញ្ជាក់ឈ្មោះ «ព្រះនាងតូច» នៅក្នុងសារនេះ ដែលឈ្មោះនេះ ជាឈ្មោះគណនីហ្វេសប៊ុក ដែលលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ធ្លាប់ប្រើកន្លងមក៕ សូមទស្សនាវីដេអូ ខាងក្រោម ៖